ពត៌មាន

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ចុះផ្សាយនៅថ្ងៃ៖​​ 23/10/2026 ~ 5 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ឱកាសសម្រាប់ សិស្ស និស្សិត និងសាធារណជនកម្ពុជា ទៅសិក្សានៅបែលហ្ស៊ិក! អាហារូបករណ៍ KU Leuven ASEAN Scholarship របស់សាកលវិទ្យាល័យ KU Leuven នៃព្រះរាជាណាចក្របែលហ្ស៊ិក សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨ បានប្រកាសបើកទទួលពាក្យជាផ្លូវការហើយ ដើម្បីឱ្យនិស្សិតបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree) និងកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ឯកទេស (Advanced Master’s Degree)។

អាហារូបករណ៍នេះផ្តល់ជូនសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងកម្មវិធីសិក្សាដែលមានសិទ្ធិទទួលអាហារូបករណ៍ ដូចជា៖

  • វិស្វកម្ម និងបច្ចេកវិទ្យា (Engineering and Technology)
  • វិទ្យាសាស្ត្រកុំព្យូទ័រ និងទិន្នន័យ (Computer Science and Data Science)
  • សេដ្ឋកិច្ច និងធុរកិច្ច (Economics and Business)
  • ច្បាប់ និងវិទ្យាសាស្ត្រនយោបាយ (Law and Political Science)
  • វិទ្យាសាស្ត្រសុខាភិបាល និងវេជ្ជសាស្ត្រ (Health and Medical Sciences)
  • វិទ្យាសាស្ត្របរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព (Environmental Sciences and Sustainable Development)
  • និងជំនាញផ្សេងៗទៀត។

អត្ថប្រយោជន៍អាហារូបករណ៍

បេក្ខជនដែលទទួលបានជ័យលាភីនឹងទទួលបាន៖

  • ការលើកលែងថ្លៃសិក្សាពេញលេញ (Full Tuition Fee Waiver) ដោយបង់ត្រឹមថ្លៃរដ្ឋបាលប្រចាំឆ្នាំចំនួន ១៤០ អឺរ៉ូ។
  • ប្រាក់ឧបត្ថម្ភចំនួន ៤,០០០ អឺរ៉ូ សម្រាប់រយៈពេលសិក្សាទាំងមូល។
  • ការលើកលែងថ្លៃសិក្សារយៈពេល ១ ឆ្នាំ សម្រាប់កម្មវិធី ៦០ ECTS ឬ ២ ឆ្នាំ សម្រាប់កម្មវិធី ១២០ ECTS។

លក្ខខណ្ឌនៃការដាក់ពាក្យ

បេក្ខជនត្រូវបំពេញលក្ខខណ្ឌសំខាន់ៗដូចខាងក្រោម៖

  • មានសញ្ជាតិ និងកំពុងរស់នៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសអាស៊ីអាគ្នេយ៍ដែលមានសិទ្ធិ រួមទាំងកម្ពុជា។
  • មានលទ្ធផលសិក្សាល្អប្រសើរ និងសមត្ថភាពសិក្សាខ្ពស់។
  • មានសមត្ថភាពភាសាអង់គ្លេសស្របតាមលក្ខខណ្ឌរបស់សាកលវិទ្យាល័យ។
  • មិនកំពុងសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាក្នុងតំបន់ Flanders លើកលែងតែករណីពិសេសដែលសាកលវិទ្យាល័យបានកំណត់។
  • មិនទទួលអាហារូបករណ៍ពេញលេញផ្សេងទៀតដែលមិនអនុញ្ញាតឱ្យទទួលរួមគ្នា។

កាលបរិច្ឆេទសំខាន់ៗ៖

  • បើកទទួលពាក្យ៖ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦
  • ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ វេលាម៉ោង ២៣:៥៩ នាទី (ម៉ោងនៅអឺរ៉ុបកណ្ដាល – CET)
  • ជូនដំណឹងដល់បេក្ខជនដែលត្រូវបានជ្រើសរើសសម្រាប់ដំណាក់កាលបន្ទាប់៖ ត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៧
  • ប្រកាសលទ្ធផលជ្រើសរើស៖ ចុងខែមីនា ឆ្នាំ២០២៧

របៀបដាក់ពាក្យ

បេក្ខជនត្រូវអនុវត្តតាមជំហានសំខាន់ៗចំនួន ២៖

ជំហានទី១៖ ដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ក្នុងកម្មវិធីដែលមានសិទ្ធិទទួលអាហារូបករណ៍ និងភ្ជាប់ទម្រង់ KU Leuven Scholarships & Master Mind Candidacy Form។

ជំហានទី២៖ ចុះឈ្មោះបេក្ខភាពអាហារូបករណ៍តាមប្រព័ន្ធអនឡាញរបស់សាកលវិទ្យាល័យ មុនកាលបរិច្ឆេទផុតកំណត់។

បេក្ខជនដែលដាក់ពាក្យតាមនីតិវិធីនេះ នឹងត្រូវបានពិចារណាផងដែរសម្រាប់អាហារូបករណ៍ Inspiring the Outstanding Scholarship និង Master Mind Scholarship ដោយមិនចាំបាច់ដាក់ពាក្យដាច់ដោយឡែក។

សូមបញ្ជាក់ថា អាហារូបករណ៍នេះមានការប្រកួតប្រជែងខ្ពស់ ហើយបេក្ខជនត្រូវពិនិត្យលក្ខខណ្ឌនៃកម្មវិធីសិក្សា ឯកសារចាំបាច់ និងនីតិវិធីដាក់ពាក្យតាមគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ។

ដូច្នេះ និស្សិតកម្ពុជាដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ គួរចាប់យកឱកាសអាហារូបករណ៍នេះ ដើម្បីពង្រឹងចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍អន្តរជាតិ ព្រមទាំងនាំយកចំណេះដឹង និងសមត្ថភាពទាំងនោះមកចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត៕

Credit : AMS Education

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)