ពត៌មាន
FM99
សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ នៅហ្វីលីពីន
ចុះផ្សាយនៅថ្ងៃ៖ 07/05/2026
•
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់អាកាសយានដ្ឋាន MCIA General Aviation (Gen-Av) ទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ដោយបានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម Francisco Tiu Laurel Jr. រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន នារសៀលថ្ងៃទី៧ ឧសភា ឆ្នាំ២០២៦ ។

កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៨ ក្រោមមូលបទ “ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា” ចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នៅកោះសេប៊ូ សាធារណរដ្ឋហ្វីលីពីន ក្រោមមូលបទ «ដំណើរឆ្ពោះទៅកាន់អនាគតរួមគ្នា» ។

កិច្ចប្រជុំកំពូលអាស៊ាន នឹងផ្តល់ជាវេទិកាសម្រាប់ថ្នាក់ដឹកនាំ អាស៊ាន ដើម្បីពិភាក្សាលើបញ្ហាសំខាន់ៗទាក់ទងនឹងការកសាងសហគមន៍អាស៊ាន និងមាគ៌ាឆ្ពោះទៅមុខ ដោយ ផ្តោតលើ៖ ១) ការធានាសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់ ២) ស្ថិរភាពសន្តិសុខស្បៀង ៣) សុវត្ថិភាព នៃពលរដ្ឋអាស៊ាន ក៏ដូចជាផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ក្នុងគោលបំណងជំរុញអនាគតមួយ ប្រកបដោយសន្តិភាព វិបុលភាព បរិយាបន្ន និងភាពធន់។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ ដឹកនាំអាស៊ាន ដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដែលផ្តល់អត្ថប្រយោជន៍ទៅវិញទៅមក និងផលប្រយោជន៍រួម ។

ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេសកម្ពុជា បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន AMS នៅរសៀលថ្ងៃពុធថា ជំនួបរវាងភាគីកម្ពុជា និងថៃ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការនៅឡើយ ប៉ុន្តែក្រោមការសម្របសម្រួលពីភាគីហ្វីលីពីន ជាម្ចាស់ផ្ទះ ដែលជាប្រធានអាស៊ានប្តូរវេន ទំនងជាជំនួបនេះ អាចកើតឡើងនៅមុនកិច្ចប្រជុំកំពូលអាស៊ាន ៕












