ពត៌មាន
ព័ត៌មានអាហារូបករណ៍៖ អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ សាកលវិទ្យាល័យ BFSU
ចុះផ្សាយនៅថ្ងៃ៖ 12/11/2026 ~ 10 ម៉ោងមុន
•
រដ្ឋាភិបាលចិន ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតឱ្យបន្តការសិក្សា ថ្នាក់អនុបណ្ឌិត និងបណ្ឌិត នៅសាកលវិទ្យាល័យ Beijing Foreign Studies (BFSU) ប្រទេសចិន។ អាហារូបករណ៍នេះ អនុញ្ញាតឱ្យនិស្សតអាចជ្រើសរើសជំនាញសិក្សាជាច្រើនជំនាញ ព្រមទាំងអាចជ្រើសរើសកម្មវិធីសិក្សា ជាភាសាអង់គ្លេស និងភាសាចិន។
យោងតាមគេហទំព័រផ្លូវការរបស់សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីដាក់ពាក្យបេក្ខជនត្រូវបំពេញតាមលក្ខខណ្ឌដូចជា ត្រូវមានអាយុក្រោម ៣៥ឆ្នាំ និងសញ្ញាបត្របរិញ្ញាបត្រសម្រាប់បេក្ខជនមានបំណងចង់បន្តការសិក្សាថ្នាក់អនុបណ្ឌិត។ រីឯអាហារូបករណ៍ថ្នាក់បណ្ឌិត បេក្ខជនត្រូវមានអាយុក្រោម ៤០ឆ្នាំ និងមានសញ្ញាបត្រថ្នាក់អនុបណ្ឌិត។ បន្ថែមពីនេះ មានវិញ្ញាបនបត្រ HSK សម្រាប់អ្នកជ្រើសរើសកម្មវិធីសិក្សាភាសាចិន និងមានវិញ្ញាបនបត្រ IELTS ឬ TOFEL សម្រាប់ការជ្រើសរើសកម្មវិធីសិក្សាភាសាអង់គ្លេស ដែលពិន្ទុគឺត្រូវស្របតាមតម្រូវការនៃជំនាញនីមួយៗ។ ចុងក្រោយ បេក្ខជនត្រូវមានប្រវត្តិល្អ និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត។
ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ
- លិខិតឆ្លងដែន (Passport) ដែលមានសុពលភាពយ៉ាងតិចត្រឹមខែកញ្ញា ឆ្នាំ២០២៦
- សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ (Transcripts) (ត្រូវបកប្រែជាភាសាចិន ឬអង់គ្លេស និងមានត្រាយ៉ាងត្រឹមត្រូវ)
- វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាចិន (HSK) ឬភាសាអង់គ្លេស
- ប្រវត្តិរូបសង្ខេប (CV) យ៉ាងតិច ៨០០ ពាក្យ និង គម្រោងស្រាវជ្រាវ (Study Plan/Research Proposal) យ៉ាង តិច ១,៥០០ ពាក្យ (ថ្នាក់អនុបណ្ឌិត) ឬ ៣,០០០ ពាក្យ (ថ្នាក់បណ្ឌិត)
- លិខិតអនុសាសន៍ (Recommendation Letters) ចំនួន ២ ច្បាប់ ពីសាស្ត្រាចារ្យរង (Associate Professor) ឡើងទៅ
- លិខិតពិនិត្យសុខភាពសម្រាប់ជនបរទេស (Foreigner Physical Examination Form)
- លិខិតបញ្ជាក់កោសលវិច័យ គ្មានទោស (លិខិតថ្កោលទោស) (Non-Criminal Record Certificate
- (សម្រាប់សិស្សកំពុងសិក្សានៅចិន)៖ ត្រូវផ្តល់បន្ថែមនូវ Visa/Residence Permit/Enrollment
និស្សិតអាហារូបករណ៍នឹងទទួលបានអត្ថប្រយោជន៍ដូចជា ការលើកលែងថ្លៃសិក្សា កន្លែងស្នាក់នៅក្នុងសាកលវិទ្យាល័យ ប្រាក់ឧបត្ថម្ភប្រចាំខែ ៣០០០យ័នក្នុងមួយខែសម្រាប់ថ្នាក់អនុបណ្ឌិត និង ៣៥០០យ័នក្នុងមួយខែ សម្រាប់ថ្នាក់បណ្ឌិត ព្រមទាំងការធានារ៉ាប់រងសុខភាពនៅប្រទេសចិន។ ស្របគ្នា ចំពោះបេក្ខជនដែលមិនស្នាក់នៅក្នុងសាកលវិទ្យាល័យនឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់បង់ថ្លៃស្នាក់នៅ ៧០០យ័នក្នុងមួយខែសម្រាប់ថ្នាក់អនុបណ្ឌិត និង ១០០០យ័នក្នុងមួយខែសម្រាប់ថ្នាក់បណ្ឌិត។ រីឯ ថ្លៃធ្វើដំណើរទៅមកកម្ពុជា-ចិន ជាបន្ទុករបស់បេក្ខជន។
កាលបរិច្ឆេទ និងរបៀបដាក់ពាក្យ
ការដាក់ពាក្យត្រូវធ្វើឡើងតាមប្រព័ន្ធសាកលវិទ្យាល័យ BFSU (BFSU International Student Service System) ដោយសិស្សនិស្សិតត្រូវចូលទៅកាន់គេហទំព័រ៖ https://study.bfsu.edu.cn/member/login.do
ចាប់ទទួលពាក្យពីថ្ងៃនេះ តទៅដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៧ (ម៉ោងនៅប៉េកាំង)៕











