ពត៌មាន
យុវវ័យជំនាន់ Gen Z ចំនួន៦ ក្រុមជាប់ជាក្រុមជ័យលាភីឆ្នើម ក្នុងការប្រកួតបង្កើត Mobile App គាំទ្រដោយធនាគារ អេស៊ីលីដា
ចុះផ្សាយនៅថ្ងៃ៖ 06/11/2026 ~ 7 ម៉ោងមុន
•
ធនាគារ អេស៊ីលីដា ភីអិលស៊ី «ធនាគារ អេស៊ីលីដា» ជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយមូលបត្រជាសាធារណៈនៅកម្ពុជា នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីប្រគល់រង្វាន់ប្រកួតប្រជែងបង្កើត Mobile App សម្រាប់យុវវ័យជំនាន់ថ្មី Gen Z ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា (AUB)។
គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីអប់រំ និងបណ្តុះបណ្តាលជំនាញ បច្ចេកវិទ្យាឌីជីថលឆ្លាតវ័យ (Intelligent Technology) ជូនដល់យុវជនកម្ពុជា ដែលជាសិស្សនិសិត្សរបស់ AUB។
ក្រោយពីការឆ្លងកាត់ការពិនិត្យ និងវាយតម្លៃយ៉ាងហ្មត់ចត់ ដូច្នេះគណៈកម្មការវាយតម្លៃ បានជ្រើសរើសយក ១៤ក្រុម (មានសមាជិក ៧៣នាក់) រហូតដល់ដំណាច់ការប្រកួត គឺការ រកឃើញក្រុមជ័យលាភី ឆ្នើម ចំនួន ៦ក្រុម ដែលមានស្នាដៃលេចធ្លោជាងគេក្នុងការបង្កើត Mobile App ប្រកបដោយភាពច្នៃប្រឌិត និងការឆ្លើយតប ទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន។
ការផ្ដួចផ្ដើម និងកិច្ចគាំទ្រយ៉ាងសកម្មពីសំណាក់ក្រុមការងារបច្ចេកទេស របស់ធនាគារ អេស៊ីលីដា មិនត្រឹមតែជួយឱ្យយុវជនទទួលបាននូវបទពិសោធន៍ការងារជាក់ស្តែងប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងជាស្ពានចម្លងដ៏មានតម្លៃ ក្នុងការជំរុញវិស័យឌីជីថល និងបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា ឱ្យឈានឡើងដល់កម្រិតថ្មីមួយទៀត ស្របតាមយុទ្ធសាស្ត្រសេដ្ឋកិច្ចឌីជីថល របស់រាជរដ្ឋាភិបាល។













