ពត៌មាន

អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ចុះផ្សាយនៅថ្ងៃ៖​​ 03/11/2026 ~ 4 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
អាហារូបករណ៍ពេញថ្លៃសម្រាប់និស្សិតកម្ពុជា សិក្សា​នៅសាលាគោលនយោបាយសាធារណៈ Lee Kuan Yew សិង្ហបុរី

ជាឱកាសសម្រាប់និស្សិត និងអ្នកជំនាញកម្ពុជាដែលមានបំណងបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងចង់អភិវឌ្ឍសមត្ថភាពក្នុងវិស័យកិច្ចការអន្តរជាតិ និងពាណិជ្ជកម្មសកល, សាលាគោលនយោបាយសាធារណៈ Lee Kuan Yew នៃសាកលវិទ្យាល័យជាតិសិង្ហបុរី (NUS) នឹងផ្តល់អាហារូបករណ៍ចំនួន ២ កន្លែង ដែលគ្របដណ្តប់ថ្លៃសិក្សាពេញលេញ សម្រាប់ឆ្នាំសិក្សា២០២៧។

លក្ខខណ្ឌនៃការដាក់ពាក្យ៖ មានបទពិសោធន៍ការងារយ៉ាងតិច ៣ ឆ្នាំ, មានចំណាប់អារម្មណ៍ខ្ពស់លើអាជីពក្នុងវិស័យពាណិជ្ជកម្មសកល, មានគោលបំណងបន្តអាជីពនៅតំបន់អាស៊ី បន្ទាប់ពីបញ្ចប់ការសិក្សា, ត្រូវដាក់ពាក្យចូលកម្មវិធីសិក្សាដែលមានសិទ្ធិទទួលអាហារូបករណ៍។

អត្ថប្រយោជន៍បន្ថែម

បេក្ខជន បេក្ខនារីដែលទទួលបានអាហារូបករណ៍នេះនឹងមានឱកាសចូលរួមក្នុងបណ្តាញអតីតនិស្សិត Hinrich Foundation Alumni Association ដើម្បីទទួលបានការណែនាំពីអ្នកជំនាញ ឱកាសបង្កើតទំនាក់ទំនងវិជ្ជាជីវៈ និងឱកាសការងារនាពេលអនាគត។

កាលបរិច្ឆេទទទួលពាក្យស្នើសុំ
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគោលនយោបាយសាធារណៈ (MPP) ៖ ថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៦
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកកិច្ចការអន្តរជាតិ (MIA) ៖ ថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី១៥ ខែធ្នូ ២០២៦
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែករដ្ឋបាលសាធារណៈ (MPA) ៖ ថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី៣១ ខែធ្នូ ២០២៦
-ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់កម្រិតខ្ពស់ផ្នែករដ្ឋបាលសាធារណៈ និងការគ្រប់គ្រង (MPAM) ៖ ថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី៩ ខែមករា ២០២៧
-ថ្នាក់បណ្ឌិតផ្នែកគោលនយោបាយសាធារណៈ (PhD) ៖ ថ្ងៃទី១ ខែសីហា ដល់ ថ្ងៃទី១០ ខែធ្នូ ២០២៦

របៀបដាក់ពាក្យស្នើសុំ

បេក្ខជនតម្រូវឱ្យ ដាក់ពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ ដោយត្រូវត្រៀមឯកសារសំខាន់ៗមួយចំនួនសម្រាប់ការ Upload ទៅក្នុងប្រព័ន្ធ រួមមាន ៖ សញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុ (Degree Scrolls & Official Transcripts), សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ឬសញ្ញាបត្រជាន់ខ្ពស់ដែលពាក់ព័ន្ធ, ព្រឹត្តិបត្រពិន្ទុផ្លូវការដែលបង្ហាញពីកម្រិតពិន្ទុមធ្យម (GPA ឬ Percentage), ប្រវត្តិរូបសង្ខេប, បង្ហាញលម្អិតអំពីប្រវត្តិការងារ តួនាទី ការទទួលខុសត្រូវសំខាន់ៗ ឈ្មោះស្ថាប័ន កាលបរិច្ឆេទធ្វើការ និងសមិទ្ធផលផ្ទាល់ខ្លួន ឬកិច្ចការសង្គម, លិខិតបញ្ជាក់សមត្ថភាពភាសាអង់គ្លេស (TOEFL / IELTS) ដែលនៅមានសុពលភាព (មិនលើសពី ២ ឆ្នាំ), Personal Statement (ជាទូទៅកំណត់ត្រឹម ៥០០ ទៅ ៦០០ ពាក្យ អាស្រ័យលើកម្មវិធី) ដោយរៀបរាប់ពីប្រវត្តិ គោលបំណងអាជីព មូលហេតុនៃការជ្រើសរើសជំនាញនេះ និងរបៀបដែលអ្នកនឹងយកចំណេះដឹងទៅចូលរួមចំណែកក្នុងសង្គម, លិខិតណែនាំ ឬលិខិតវាយតម្លៃ (Letters of Reference / Referee Reports) ចំនួន ២ ច្បាប់, លិខិតឆ្លងដែន (Passport)។

សម្រាប់ព័ត៌មានបន្ថែម អំពីការការដាក់ពាក្យ ៕

Credit : AMS Education

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)