ពត៌មាន

ប្រទេសបារាំង ប្រកាសផ្លាស់ប្តូរ និងប្រគល់តំណែងជាប្រធានកិច្ចប្រជុំកំពូលនៃអង្គការហ្វ្រង់កូហ្វូនី (OIF) ជាផ្លូវការជូនព្រះរាជាណាចក្រកម្ពុជា

ចុះផ្សាយនៅថ្ងៃ៖​​ 17/11/2026 ~ 11 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ប្រទេសបារាំង ប្រកាសផ្លាស់ប្តូរ និងប្រគល់តំណែងជាប្រធានកិច្ចប្រជុំកំពូលនៃអង្គការហ្វ្រង់កូហ្វូនី (OIF) ជាផ្លូវការជូនព្រះរាជាណាចក្រកម្ពុជា

ប្រទេសបារាំងបានប្រកាសផ្លាស់ប្តូរ និងប្រគល់តំណែងជាប្រធានកិច្ចប្រជុំកំពូលនៃអង្គការហ្វ្រង់កូហ្វូនី (OIF) ជាផ្លូវការជូនព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយប្រមុខរដ្ឋបារាំងបានបង្ហាញនូវជំនឿទុកចិត្តយ៉ាងមុតមាំចំពោះតួនាទីដឹកនាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសន្ទនា សកម្មភាពជាក់ស្តែង និងសន្តិភាពសម្រាប់សហគមន៍ប្រើប្រាស់ភាសាបារាំងទាំងមូល។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំកំពូលលើកទី២០ នៃអង្គការហ្វ្រង់កូហ្វូនី នៅរាជធានីភ្នំពេញ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំងបានគូសបញ្ជាក់ថា ការផ្ទេរតំណែងជាប្រធានកិច្ចប្រជុំកំពូលពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជានៅពេលនេះ មិនមែនគ្រាន់តែជាការផ្លាស់ប្តូរតួនាទីតាមបែបបទស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែវាគឺជានិមិត្តរូបនៃការបន្តមហិច្ឆតារួម និងភាពរស់រវើករបស់អង្គការមួយដែលមានសមត្ថភាពសម្របខ្លួន និងរីកចម្រើនឥតឈប់ឈរ។

ឯកឧត្តម បានថ្លែងដោយផ្ទាល់ទៅកាន់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ថា កម្ពុជានឹងបន្តដឹកនាំ និងទទួលបន្តនូវបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយភ្ជាប់ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា និងសំឡេងដ៏មានលក្ខណៈពិសេសរបស់ខ្លួន ក្នុងការលើកកម្ពស់គោលដៅនៃកិច្ចសន្ទនា សកម្មភាព និងសន្តិភាព នៅក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិ និងភាពតានតឹងជាច្រើន។

ឯកឧត្តមប្រមុខរដ្ឋបារាំង ក៏បានកោតសរសើរចំពោះប្រធានបទនៃការដឹកនាំរបស់កម្ពុជា ដែលផ្តោតលើការប្តេជ្ញាចិត្ត និងភាពក្លាហានក្នុងការប្រឈមមុខនឹងបញ្ហាប្រឈមសកល ព្រមទាំងបានរំលឹកឡើងវិញនូវព្រះរាជបូជនីយកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាស្ថាបនិកមួយរូបក្នុងចំណោមស្ថាបនិកទាំង ៤រូប ដែលបានផ្តួចផ្តើមបង្កើតអង្គការហ្វ្រង់កូហ្វូនី កាលពីឆ្នាំ១៩៧០ នៅទីក្រុងនីអាម៉េ។

ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានាធិបតីបារាំង បានថ្លែងអំណរគុណយ៉ាងកក់ក្តៅថ្វាយព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ចំពោះការទទួលរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ដែលនាំឱ្យអង្គការហ្វ្រង់កូហ្វូនីវិលត្រឡប់មកកាន់ទ្វីបអាស៊ីជាថ្មីម្តងទៀតក្នុងរយៈពេលជិត ៣០ឆ្នាំ ក្រោយកិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ។

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង បាន បន្តគាំទ្រយ៉ាងពេញទំហឹងរបស់ប្រទេសបារាំង ចំពោះគម្រោង និងកិច្ចសហប្រតិបត្តិការនានាក្រោមអាណត្តិដឹកនាំរបស់កម្ពុជា ទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច តាមរយៈពិព័រណ៍ធុរកិច្ច Francotech លើកទី២ ការអប់រំ ការបណ្តុះបណ្តាលយុវជន និងការការពារភាពចម្រុះនៃភាសាក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ដើម្បីនាំមកនូវវិបុលភាពរួម និងស្ថិរភាពយូរអង្វែងជូនដល់រដ្ឋ និងរដ្ឋាភិបាលសមាជិកទាំង ៩០ និងប្រជាជនជាង ៤០០លាននាក់នៃគ្រួសារហ្វ្រង់កូហ្វូនី៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)