ពត៌មាន
មោទនភាពជាតិ! ក្រុមនិស្សិត RULE ឆ្ពោះទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅទីក្រុងរ៉ូម ក្រោយឈ្នះចំណាត់ថ្នាក់លេខ៣ ក្នុងការប្រកួតមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិ UPICC ២០២៦ នៅហុងកុង
ចុះផ្សាយនៅថ្ងៃ៖ 18/11/2026 ~ 15 ម៉ោងមុន
•
ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកដំបូងសម្រាប់កម្ពុជា ក្រុមនិស្សិតមកពីកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានបង្កើតស្នាដៃដ៏ត្រចះត្រចង់ ដោយបានឈ្នះចំណាត់ថ្នាក់លេខ៣ និងទទួលបានសិទ្ធិឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រអន្តរជាតិ នៅទីស្នាក់ការកណ្តាលវិទ្យាស្ថាន UNIDROIT ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៧ ខាងមុខនេះ។
កម្មវិធីប្រកួតមជ្ឈត្តការពាណិជ្ជកម្មអន្តរជាតិ UPICC នេះ ជាកម្មវិធីប្រកួតសវនាការប្រឌិតអន្តរជាតិ និងព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យមួយ ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលច្បាប់អន្តរជាតិអាស៊ី (ATLC) នៃវិទ្យាស្ថាន UNIDROIT សហការជាមួយ Beijing Arbitration Commission/Beijing International Arbitration Court (BAC/BIAC) ដោយមានក្រុមចុះឈ្មោះចូលរួមប្រកួតចំនួន៤៨ ក្រុម មកពីទ្វីបអាស៊ី និងចក្រភពអង់គ្លេស។ កម្មវិធីប្រកួតនេះ មានគោលបំណងផ្តល់នូវឱកាសពិសេសដល់និស្សិតក្នុងការរៀនសូត្រអំពីច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងគោលការណ៍ UNIDROIT អំពីកិច្ចសន្យាពាណិជ្ជកម្មអន្តរជាតិ (UPICC) ការអនុវត្តជាក់ស្តែង ការស្រាវជ្រាវ ការវិភាគ និងការដេញដោលបែបគតិយុតិ្ត និងការអភិវឌ្ឍជំនាញទន់សំខាន់ៗ ដូចជា ការត្រិះរិះពិចារណា ជំនាញតស៊ូមតិ និងការធ្វើការងារជាក្រុមជាដើម។

កម្មវិធីប្រកួតដ៏មានកិត្យានុភាពនេះ រៀបចំឡើងដោយមជ្ឈមណ្ឌលច្បាប់អន្តរជាតិអាស៊ី (ATLC) នៃវិទ្យាស្ថាន UNIDROIT សហការជាមួយគណៈកម្មាធិការមជ្ឈត្តការប៉េកាំង/មជ្ឈមណ្ឌលមជ្ឈត្តការពាណិជ្ជកម្មអន្តរប៉េកាំង (BAC/BIAC) ដោយមានក្រុមចំនួន៤៨ មកពីទ្វីបអាស៊ី និងចក្រភពអង់គ្លេស ដាក់ពាក្យចូលរួម។
ក្រុមតំណាងឱ្យសាកលវិទ្យាល័យ RULE ដែលមានគ្រូបង្វឹក និងសមាជិកនិស្សិតចំនួន ៤រូប រួមមាន៖
១. កញ្ញាបណ្ឌិត សៅ សុជាតា គ្រូបង្វឹក
២. លោក សុខ សាន និស្សិត(ELBML)
៣. លោក អៀ គីមហុង និស្សិត(ELBBL)
៤. កញ្ញា ស្រេង វង្សវឌ្ឍិនី (ELBBL)
លទ្ធផល និងស្នាដៃលេចធ្លោ៖
ចំណាត់ថ្នាក់លេខ ៣ ជារួម (Overall 3rd Place)៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតថ្លែងសេចក្តីផ្ទាល់មាត់យ៉ាងស្វិតស្វាញចំនួន៤ ជុំ ក្នុងជុំទូទៅ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត ក្រុមនិស្សិត RULE ដណ្តើមបានជ័យលាភីលេខ ៣ ជារួម ហើយក្លាយជាក្រុមឆ្នើម៤ ចុងក្រោយ ដែលអាចបន្តទៅកាន់ វគ្គផ្តាច់ព្រ័ត្រអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់វិទ្យាស្ថាន UNIDROIT នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ក្នុងខែមករា ឆ្នាំ២០២៧ ខាងមុខនេះ ![]()
ពានរង្វាន់បុគ្គល (Individual Awards)៖ សមាជិក ២ រូបទទួលបានជ័យលាភី «អ្នកតតាំងក្តីផ្ទាល់មាត់ឆ្នើម» (Best Oralists) ដែលនិស្សិត អៀ គីមហុង ទទួលបានចំណាត់ថ្នាក់លេខ៦ និងនិស្សិតស្រេង វង្សវឌ្ឍិនី ទទួលបានលេខ៨។
សមិទ្ធផល និងជោគជ័យដ៏ធំធេងខាងលើនេះ ជាមោទនភាពដ៏ធំធេងរបស់សាកលវិទ្យាល័យ RULE និងប្រទេសកម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេស ការចូលរួមនេះ ជាការចូលរួមលើកដំបូងហើយដែលក្រុមនិស្សិតមកពីប្រទេសកម្ពុជា។ លទ្ធផលដ៏អស្ចារ្យនេះ បានឆ្លុះបញ្ចាំងពីការខិតខំ តស៊ូព្យាយាម សមត្ថភាពស្រាវជ្រាវច្បាប់ ជំនាញវិភាគ និងសមត្ថភាពក្នុងការការពារក្តីរបស់ក្រុមនិស្សិត RULE ជាសក្កីភាពបង្ហាញពីសមត្ថភាព ជំនាញច្បាប់ និងស្មារតីខិតខំប្រឹងប្រែងតស៊ូដ៏រឹងមាំរបស់យុវជនកម្ពុជាលើឆាកអន្តរជាតិ។ រួមទាំងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ពួកគេពេញមួយការប្រកួត ក៏ដូចជាការយកចិត្តទុកបង្វឹកដោយម៉ត់ចត់របស់គ្រូបង្វឹក។













