ពត៌មាន

ក្រសួងអប់រំបង្ហាញពីកម្មវិធីសិក្សាអនឡាញឥតគិតថ្លៃ ដល់សិស្សភៀសសឹក

ចុះផ្សាយនៅថ្ងៃ៖​​ 16/12/2025

អត្ថបទដោយ៖ Apsara FM97
ក្រសួងអប់រំបង្ហាញពីកម្មវិធីសិក្សាអនឡាញឥតគិតថ្លៃ ដល់សិស្សភៀសសឹក

ខណៈសាលា​រៀន​ចំនួនជាង៩រយ ស្ថិត​ក្នុង​ខេត្​តចំនួន៦ ក្នុង​ក្រុងស្រុក​ចំនួន២០បានបិទទ្វារ ដោយ​សារ​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ពកម្ពុជា និងថៃ នៅ​តាម​បណ្តោយព្រំដែន​ ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ការ​សិក្សា​របស់សិស្សជាង២០ម៉ឺននាក់, ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំ​ដល់​សិស្ស​ភៀសសឹក​ទាំងអស់ អាច​ចុះឈ្មោះចូលរៀន​ជា​បណ្តោះអាសន្ន​នៅ​តាម​សាលារៀន​ ជិត​តំបន់ដែលពួកគេ​ស្នាក់នៅ ស្របគ្នានេះ ក្រសួងក៏បានណែនាំ​នូវ​កម្មវិធី​សិក្សា​អនឡាញ​ដោយ​ឥតគិតថ្លៃថែមទៀត។


បើតាម​ក្រសួងអប់រំ ថ្នាលអប់រំសាលាឌីជីថល sala.moeys.gov.kh ដែលបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ ជំរុញការចែករំលែក និងប្រើប្រាស់មាតិកាអប់រំឌីជីថល ឱ្យកាន់តែសម្បូរបែបសម្រាប់បម្រើដល់ការរៀន និងបង្រៀនតាមរយៈការប្រើប្រាស់បច្ចេកវិទ្យាដោយសេរី ឥតគិតថ្លៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា។ សិស្សានុសិស្សគ្រប់ កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅសិក្សាដោយ ខ្លួនឯង ដោយស្វែងរកវគ្គសិក្សាទៅតាមកម្រិតថ្នាក់ តាមរយៈតំណ៖ https://sala.moeys.gov.kh/kh/courses


ជាមួយគ្នានេះ កម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋានតាមអ៊ីនធឺណិត (ប៊ីប) beep.moeys.gov.kh ដែលកម្មវិធីនេះនឹងជួយឱ្យ​យុវជនកម្ពុជាបញ្ចប់​ការអប់រំមូលដ្ឋាន តាមរយៈការរៀនដោយខ្លួនឯង តាមប្រព័ន្ធពីរ​បញ្ចូលគ្នាដែលមានភាពបត់បែន និងទន់ភ្លន់។ សិស្សានុសិស្ស ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅសិក្សាដោយ​ខ្លួនឯង ដោយស្វែងរកវគ្គសិក្សាកម្រិតថ្នាក់អនុវិទ្យាល័យ តាមរយៈតំណ៖
https://beep.moeys.gov.kh/course/index.php?categoryid=8


ដោយឡែកកម្មវិធីទូរសព្ទដៃ “សាលាអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន” ហៅកាត់ថា Sala MIL App ជា​ឧបករណ៍ឌីជីថល ដែលត្រូវបានអភិវឌ្ឍឡើងក្នុងគោលដៅជំនួយដល់ការបង្រៀននិងរៀន ការស្វ័យសិក្សាលើបំណិន​ភាពជាពលរដ្ឋឌីជីថលសាកល ផ្តល់ចំណេះដឹងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយសុវត្ថិភាព ភាពឆ្លាតវៃ និងទំនួល​ខុសត្រូវ ចេះទាញយកប្រយោជន៍ រក្សាសុវត្ថិភាព និងឯកជនភាព ជៀសវាងពីការបោក​បញ្ឆោតកេង​ប្រវ័ញ្ចផ្សេងៗនៅលើប្រព័ន្ធអនឡាញ។ សិស្សានុសិស្សគ្រប់កម្រិតថ្នាក់ដែលកំពុងរងគ្រោះពីសង្រ្គាម អាចចូលទៅស្វ័យសិក្សាដោយខ្លួនឯង តាមរយៈការទាញយកកម្មវិធីសម្រាប់ទូរសព្ទដៃតំណ៖ https://link.moeys.gov.kh/SALA-MIL

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)