ពត៌មាន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងធ្វើទស្សនកិច្ចនៅសាលារៀន ដើម្បីឈ្វេងយល់ទិដ្ឋភាពជាក់ស្តែងនៃការអនុវត្ត ក្នុងកម្មវិធីផ្តល់អាហារតាមសាលារៀន
ចុះផ្សាយនៅថ្ងៃ៖ 08/01/2026
•

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទីមួយកម្ពុជា នឹងធ្វើទស្សនកិច្ចទៅកាន់សាលារៀន នៃកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍។
ក្នុងទស្សនកិច្ចនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងគោលបំណងដើម្បីឈ្វេងយល់ទិដ្ឋភាពជាក់ស្តែងនៃការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ,បង្ហាញពីលទ្ធផលសម្រេចបាន និងផលជះនៃការអនុវត្តកម្មវិធីដល់សិស្ស សហគមន៍កសិកម្ម និងកសិករខ្នាតតូច ព្រមទាំងសហគមន៍ក្នុងមូលដ្ឋាន, ជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីភាគីពាក់ព័ន្ធ ជាពិសេសពីសហគមន៍ក្នុងការអនុវត្តកម្មវិធី, បង្ហាញជាសាធារណៈអំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តកម្មវិធីនេះ ដែលរួមចំណែកដល់ ការកសាងមូលធនមនុស្ស ពិសេសការគិតគូរយ៉ាងហ្មត់ចត់អំពីអាហារូបត្ថម្ភដល់សិស្សនៅបឋម សិក្សាក្នុងតំបន់មានអសន្តិសុខស្បៀង មានភាពក្រីក្រខ្ពស់ និងភាពងាយរងគ្រោះខ្លាំង។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ និងគ្រប់គ្រង ជាមួយនឹងលេខាធិការដ្ឋាន ត្រៀមរៀបចំព្រឹត្តិការណ៍ដំណើរទស្សនកិច្ចនៅសាលារៀន នៃកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួងអប់រំ យុវជន និងកីឡា អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម តំណាងកម្មវិធីស្បៀងអាហារពិភពលោក WFP និងក្រុមការងារពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា និងការចូលរួមតាមប្រព័ន្ធអនឡាញពីសំណាក់ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។

គួរជម្រាបជូនថា កម្មវិធីផ្ដល់អាហារតាមសាលារៀន ជាផ្នែកមួយនៃការលើកកម្ពស់គុណភាពអប់រំ ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ៕








