ពត៌មាន
វគ្គផ្ដាច់ព្រ័ត្រ ACGL រវាងព្រះខ័នរាជ ប៉ះម្ចាស់ផ្ទះ Al Kuwait បានប្ដូរទៅទីលានថ្មី ដែលអាចផ្ទុកអ្នកទស្សនា ៦ម៉ឺននាក់
ចុះផ្សាយនៅថ្ងៃ៖ 05/05/2026
•
រំលេងតែ ១សប្ដាហ៍ទៀតប៉ុណ្ណោះ ជំនួបវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 រវាងក្លិបព្រះខ័នរាជស្វាយរៀង របស់កម្ពុជា និងក្រុមម្ចាស់ផ្ទះ Al Kuwait SC របស់ប្រទេសគុយវ៉ែត ពោលគឺនៅថ្ងៃពុធ ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ស្របពេលការប្រកួតខិតជិតមកដល់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានប្រកាសពីការផ្លាស់ប្ដូរទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ពីពហុកីឡដ្ឋាន Jaber Al-Mubarak ដែលផ្ទុកអ្នកគាំទ្រប្រមាណ ១៥,០០០នាក់ ទៅប្រកួតនៅពហុកីឡដ្ឋានជាតិ Jaber Al-Ahmad International ដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់វិញ។
ជំនួបវគ្គផ្ដាច់ព្រ័ត្រនេះដែរ នឹងចាប់ផ្ដើមនាវេលាម៉ោង ៧ និង ១៥នាទីយប់ (ម៉ោងនៅគុយវ៉ែត) ត្រូវនឹងម៉ោង ១១ និង ១៥នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦៕










