ពត៌មាន
ម៉ារ៉ាតុងចក្រភពអង្គរឆ្នាំនេះ មានកំណើនគួរឲ្យភ្ញាក់ផ្អើល ខណៈអត្ដពលិកខ្មែរចុះឈ្មោះរត់ ៤២គីឡូម៉ែត្រ កាន់តែច្រើន
ចុះផ្សាយនៅថ្ងៃ៖ 07/05/2026 ~ មួយថ្ងៃមុន
•
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១១ ឆ្នាំ២០២៦ កំពុងទាក់ទាញការចូលរួមគួរឲ្យភ្ញាក់ផ្អើល ពិសេសកីឡាករ-កីឡាការិនី ដែលបានចុះឈ្មោះចូលរួមរត់ចម្ងាយ ៤២គីឡូម៉ែត្រ ក៏មានកំណើនគួរឲ្យកត់សម្គាល់ផងដែរ។ នេះបើតាមការថ្លែងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី០៧ ខែឧសភានេះ លោកបានបញ្ជាក់ថា ម៉ារ៉ាតុងចក្រភពអង្គរ ដែលជាព្រឹត្តិការណ៍ម៉ារ៉ាតុង ឬរត់ចម្ងាយ ៤២.១៩៥គីឡូម៉ែត្រតែមួយគត់នៅកម្ពុជា នឹងប្រារព្ធរៀបចំខួបលើកទី១១ របស់ខ្លួន នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ ខាងមុខ ខណៈគិតត្រឹមពេលនេះមានអត្តពលិកជាតិ-អន្ដរជាតិជិត ៥ពាន់នាក់មកពី ៤៨ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ។











