ពត៌មាន
ក្រុមនិស្សិត NPIC ជាប់ជ័យលាភីប្រកួតរ៉ូបូតថ្នាក់ជាតិ និងត្រូវត្រៀមខ្លួនចូលរួមប្រកួតបន្តនៅហុងកុង
ចុះផ្សាយនៅថ្ងៃ៖ 06/07/2026
•
ក្រុមនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួនពីរក្រុម បានបង្កើតប្រវត្តិសាស្ត្រថ្មីដោយដណ្តើមបានជ័យលាភីលេខ ១ និងលេខ ២ ក្នុងការប្រកួតរ៉ូបូតថ្នាក់ជាតិ លើកទី១៣ ឆ្នាំ២០២៦ កាលពីថ្ងៃទី៥ កក្កដា កន្លងទៅនេះ ខណៈដែលនិស្សិតមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមបេក្ខភាពទាំង ៨ក្រុម មកពីគ្រឹះស្ថានឧត្តមសិក្សាឈានមុខនានា។ ក្រោយបញ្ចប់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញនេះ ក្រុមនិស្សិត NPIC ដែលជាម្ចាស់ជើងឯកលេខ ១ ត្រូវទទួលកាតព្វកិច្ចដ៏សំខាន់បន្ថែមទៀតក្នុងការតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ដើម្បីចេញទៅចូលរួមការប្រកួតប្រជែងរ៉ូបូតកម្រិតអន្តរជាតិ (Asia-Pacific Robot Contest) នៅទីក្រុងហុងកុង នាខែសីហា ខាងមុខ។ ការប្រកួតនេះមិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាព និងការច្នៃប្រឌិតខ្ពស់ផ្នែកវិស្វកម្ម និងបច្ចេកវិទ្យារបស់យុវជនកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសក្នុងការផ្លាស់ប្តូរបទពិសោធន៍ជាមួយបណ្តាប្រទេសផ្សេងៗ ព្រមទាំងជួយបំផុសគំនិត និងលើកទឹកចិត្តឱ្យយុវជនជំនាន់ក្រោយងាកមកសិក្សា និងស្រាវជ្រាវលើវិស័យបច្ចេកវិទ្យា វិស្វកម្ម និងនវានុវត្តន៍នៅកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត។










