ពត៌មាន
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ
ចុះផ្សាយនៅថ្ងៃ៖ 09/07/2026
•
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យអប់រំ
ភ្នំពេញ៖ នារសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអប់រំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្តែងសេចក្ដីរីករាយចំពោះការបំពេញភារកិច្ចនៅកម្ពុជា ព្រមទាំងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំ និងយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សឌីជីថលរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអប់រំ ដែលបានយកចិត្តទុកដាក់ផ្តល់អាហារូបករណ៍ និងសម្រួលការស្នាក់នៅដល់និស្សិតឡាវដែលកំពុងសិក្សានៅភ្នំពេញ។ លោកបានបន្ថែមថា ប្រទេសឡាវក៏មានទិសដៅស្រដៀងគ្នាក្នុងការបង្កើនគុណភាពអប់រំ ដើម្បីកសាងមូលធនមនុស្សឆ្លើយតបនឹងតម្រូវការទីផ្សារការងារផងដែរ។
ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបង្ហាញការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យអប់រំ យុវជន និងកីឡាឱ្យកាន់តែស៊ីជម្រៅ តាមរយៈការពិនិត្យ និងរៀបចំឡើងនូវអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីពង្រីកកូតាអាហារូបករណ៍ កម្មវិធីផ្លាស់ប្ដូរវប្បធម៌យុវជន និងការអភិវឌ្ឍវិស័យកីឡា។ ឯកឧត្តមជឿជាក់ថា ការរួមគ្នាបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយនេះ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការថែរក្សាចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ ឱ្យកាន់តែរឹងមាំជានិរន្តរ៍។










