ពត៌មាន

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជ្រើសរើស អ្នកដើរតួជាអ្នកជំងឺ​ ២៥នាក់​ សម្រាប់ការប្រឡងជំនាញគ្លីនិក ផ្នែកវេជ្ជសាស្ត្រ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ

ចុះផ្សាយនៅថ្ងៃ៖​​ 13/10/2026 ~ 14 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ជ្រើសរើស អ្នកដើរតួជាអ្នកជំងឺ​ ២៥នាក់​ សម្រាប់ការប្រឡងជំនាញគ្លីនិក ផ្នែកវេជ្ជសាស្ត្រ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ

សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ប្រកាសជ្រើសរើសអ្នកដើរតួជាអ្នកជំងឺ (Standardized Patients) ចំនួន ២៤នាក់ ដើម្បីចូលរួមក្នុងការប្រឡងជំនាញគ្លីនិក (Objective Structured Clinical Examination – OSCE) របស់និស្សិតវេជ្ជសាស្ត្រ នៅមហាវិទ្យាល័យវេជ្ជសាស្ត្រ។

ការជ្រើសរើសនេះមានគោលបំណងចូលរួមលើកកម្ពស់គុណភាពនៃការប្រឡង និងធានាឱ្យការវាយតម្លៃសមត្ថភាពនិស្សិតមានភាពត្រឹមត្រូវ និងសុក្រឹតភាព ដោយផ្តោតលើជំនាញគ្លីនិក ការទំនាក់ទំនង និងអាកប្បកិរិយាវិជ្ជាជីវៈក្នុងការប្រឡង។

អ្នកដើរតួជាអ្នកជំងឺ គឺជាអ្នកដែលសម្ដែងតាមសេណារីយូ និងស្គ្រីបដែលបានកំណត់ ដើម្បីឱ្យនិស្សិតវេជ្ជសាស្ត្រអនុវត្ត និងបង្ហាញសមត្ថភាពក្នុងការសាកសួរអំពីរោគសញ្ញា ការប្រាស្រ័យទាក់ទង និងការដោះស្រាយករណីគ្លីនិកក្នុងបរិយាកាសប្រឡង។ អ្នកដែលត្រូវបានជ្រើសរើស ត្រូវអនុវត្តតាមការណែនាំឱ្យបានត្រឹមត្រូវ និងរក្សាភាពស្មើគ្នាក្នុងការឆ្លើយតបចំពោះបេក្ខជនគ្រប់រូប។

ចំពោះលក្ខខណ្ឌជ្រើសរើស បេក្ខជនត្រូវមានសមត្ថភាពទំនាក់ទំនងល្អ អាចបង្ហាញអារម្មណ៍បានសមស្រប ចងចាំ និងអនុវត្តតាមស្គ្រីបបានត្រឹមត្រូវ ព្រមទាំងមានភាពទៀងទាត់ គោរពពេលវេលា និងអាចចូលរួមតាមកាលវិភាគដែលបានកំណត់។ ជាមួយគ្នានេះ បេក្ខជនត្រូវមានអាកប្បកិរិយាវិជ្ជាជីវៈ សុចរិតភាព ទំនួលខុសត្រូវ អាចរក្សាការសម្ងាត់ និងមិនមានទំនាស់ផលប្រយោជន៍ជាមួយការប្រឡង ឬបេក្ខជនប្រឡង។

អ្នកដែលត្រូវបានជ្រើសរើស នឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលដែលរៀបចំដោយមហាវិទ្យាល័យ ដោយរួមមានការស្វែងយល់អំពីការប្រឡង OSCE តួនាទី និងភារកិច្ចរបស់អ្នកដើរតួជាអ្នកជំងឺ ការអនុវត្តស្គ្រីបតាមករណី ការឆ្លើយតបតាមសេណារីយូ ការហាត់សម និងការផ្តល់មតិយោបល់ត្រឡប់។ បន្ទាប់ពីបញ្ចប់ការបណ្តុះបណ្តាល និងឆ្លងកាត់ការវាយតម្លៃតាមលក្ខខណ្ឌកំណត់ បេក្ខជននឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការបណ្តុះបណ្តាល។ លើសពីនេះ អ្នកដើរតួជាអ្នកជំងឺក៏មានឱកាសទទួលបានបទពិសោធន៍ក្នុងការទំនាក់ទំនង ការធ្វើការជាក្រុម និងការចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំវេជ្ជសាស្ត្រផងដែរ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ ត្រូវរៀបចំឯកសារដាក់ពាក្យ រួមមាន ពាក្យស្នើសុំចូលរួមជាអ្នកដើរតួជាអ្នកជំងឺ ប្រវត្តិរូបសង្ខេប (CV) ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់ការបណ្តុះបណ្តាល ឬឯកសារពាក់ព័ន្ធផ្សេងៗ ប្រសិនបើមាន។

ការដាក់ពាក្យធ្វើឡើងតាមរយៈអ៊ីមែល career@uhs.edu.kh។ សម្រាប់ព័ត៌មានបន្ថែម បេក្ខជនអាចទាក់ទងតាមលេខទូរស័ព្ទ ០២៣ ៤៣០ ៧០៧ ក្នុងម៉ោងរដ្ឋបាល។

សូមបញ្ជាក់ថា តាមសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យ កាលបរិច្ឆេទទទួលពាក្យរហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)