ពត៌មាន
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» សម្រាប់ថ្នាក់ទី១១ នៃកម្មវិធី “មនសិការពលរដ្ឋល្អ”
ចុះផ្សាយនៅថ្ងៃ៖ 08/10/2026 ~ 19 ម៉ោងមុន
•
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃគម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» សម្រាប់ថ្នាក់ទី១១ នៃកម្មវិធីមនសិការពលរដ្ឋល្អ ដល់យុវជនតាមគ្រឹះស្ថានសិក្សាឆ្នាំ២០២៦ នៅអគារ The Kampus ដែលមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារបណ្ដុះបណ្ដាល ក្រុមការងារប្រតិបត្តិ ក្រុមការងារថ្នាក់រាជធានី-ខេត្ត លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សមកពីរាជធានី-ខេត្តទាំង១២។
ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ គ្រូបង្គោល និងគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ដែលបានចូលរួមជាអ្នកណែនាំ អ្នកសម្របសម្រួល និងជំរុញការរៀនសូត្ររបស់សិស្សានុសិស្ស ព្រមទាំងបានចូលរួមផ្លាស់ប្ដូរវិធីសាស្ត្របង្រៀន ឆ្ពោះទៅរកការអប់រំក្នុងសតវត្សរ៍ទី២១ ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ចំណេះដឹង និងបង្កើតបរិយាកាសឱ្យសិស្សានុសិស្សចេះគិត ចេះសួរ ចេះស្រាវជ្រាវ និងចេះរៀនតាមរយៈការអនុវត្ត។ ការបង្រៀនបែបនេះ មិនមែនជាការបន្ថែមបន្ទុកដល់សិស្សានុសិស្សនោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរវិធីសាស្ត្ររៀន និងបង្រៀន ដើម្បីរៀបចំអ្នកជំនាន់ក្រោយឱ្យមានសមត្ថភាព គំនិតច្នៃប្រឌិត សីលធម៌ និងមនសិការស្នេហាជាតិ។ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានបន្ថែមទៀតថា ជ័យលាភី គឺជាលទ្ធផលមួយ ប៉ុន្តែការរៀនសូត្រ និងបទពិសោធដែលទទួលបានពីកម្មវិធីនេះ គឺជាទុនដ៏មានតម្លៃសម្រាប់ជីវិត ដោយតាមរយៈដំណើរការនៃគម្រោងកន្លងមក សិស្សានុសិស្សបានរៀនធ្វើការជាក្រុម រៀនស្ដាប់គ្នា រៀនទទួលយកមតិយោបល់ រៀនដោះស្រាយបញ្ហា និងរៀនទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន។ ក្នុងន័យនេះ បេក្ខជន អ្នកគ្រូ លោកគ្រូ គ្រូបង្គោល និងសិស្សានុសិស្សទាំង១២ក្រុម ដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនេះ គឺសុទ្ធសឹងតែបានក្លាយជាធនធានដ៏ល្អសម្រាប់សង្គមជាតិរួចហើយ និងសូមឱ្យបន្តរួបរួមសាមគ្គីគ្នាឱ្យកាន់តែខ្លាំងក្លារឹងមាំ ផ្សព្វផ្សាយនូវស្មារតីរស់វើកក្នុងការបណ្ដុះការស្រឡាញ់ជាតិ និងមនសិការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិបន្ថែមទៀតនៅក្នុងសហគមន៍របស់ខ្លួន។
លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់ថា កម្មវិធី “មនសិការពលរដ្ឋល្អ” គឺជាកម្មវិធីដែលផ្ដល់ឱកាសឱ្យសិស្សានុសិស្ស មិនត្រឹមតែរៀនអំពីបញ្ហានៅក្នុងសាលារៀន និងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងផ្ដល់ឱកាសឱ្យសិស្សានុសិស្សធ្វើសកម្មភាពជាក់ស្ដែង ដើម្បីស្វែងរកដំណោះស្រាយ និងដោះស្រាយបញ្ហាទាំងនោះផងដែរ។ លោកជំទាវបណ្ឌិតបានបន្តថា គោលដៅពិតប្រាកដនៃការអប់រំ មិនមែនត្រឹមតែការចេះមេរៀន និងទទួលបានពិន្ទុល្អនោះទេ ប៉ុន្តែគឺជាការជំរុញឱ្យសិស្សានុសិស្សមានទាំងចំណេះដឹង ជំនាញ សីលធម៌ វិន័យ មនសិការ និងស្មារតីទទួលខុសត្រូវ ចេះស្រាវជ្រាវ ចេះវិភាគរកបញ្ហា ចេះដោះស្រាយបញ្ហា ចេះធ្វើការងារជាក្រុម និងចេះយកចំណេះទៅអនុវត្តក្នុងជីវិតពិត។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា គម្រោង «កម្ពុជាក្នុងបេះដូងខ្ញុំ» មិនមែនត្រឹមតែពាក្យសម្ដី ឬជាការបង្ហាញលើវេទិកានោះទេ ប៉ុន្តែនេះគឺជាការចាប់ផ្ដើមពីទម្លាប់តូចៗប្រចាំថ្ងៃដូចជា ការខិតខំរៀនសូត្រ ការគោរពវិន័យ ការរក្សាអនាម័យ ការការពារបរិស្ថាន ការគោរពអ្នកដទៃ ការជួយមិត្តភក្ដិ និងការចូលរួមធ្វើអំពើល្អ ដែលផ្ដល់ប្រយោជន៍ដល់សង្គម និងការរីកចម្រើននៃប្រទេសជាតិមួយ មិនមែនដោយសារមនុស្សម្នាក់ធ្វើរឿងណាមួយនោះទេ ប៉ុន្តែវាផ្ដើមចេញពីមនុស្សម្នាក់ៗចាប់ផ្ដើមធ្វើរឿងតូចៗចេញពីខ្លួនឯង ដែលផ្ដល់ផលវិជ្ជមានដល់ប្រទេសជាតិ៕



















