ពត៌មាន

ពិធីចុះហត្ថលេខាជាផ្លូវការរវាងក្រុមហ៊ុន OCIC និង WCCI ដើម្បីបង្កើតសាកលវិទ្យាល័យផ្នែកអាកាសចរណ៍ដំបូងគេនៅកម្ពុជា

ចុះផ្សាយនៅថ្ងៃ៖​​ 02/10/2026 ~ 15 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ពិធីចុះហត្ថលេខាជាផ្លូវការរវាងក្រុមហ៊ុន OCIC និង WCCI ដើម្បីបង្កើតសាកលវិទ្យាល័យផ្នែកអាកាសចរណ៍ដំបូងគេនៅកម្ពុជា

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាជាផ្លូវការរវាងក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) និង WORLD CITI COLLEGES – INTERNATIONAL (WCCI) ដើម្បីបង្កើតសាកលវិទ្យាល័យផ្នែកអាកាសចរណ៍ដំបូងគេនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត ឆែម គៀតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ឯកឧត្តម លី សុវណ្ណារិទ្ធ រដ្ឋលេខាធិការ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោកស្រីឧកញ៉ាបណ្ឌិត អនុប្រធានក្រុមប្រឹក្សាភិបាល OCIC លោកប្រធាន World Citi Colleges, Inc. (WCCI) តំណាងស្ថានទូតហ្វីលីពីន និងស្ថានទូតពាក់ព័ន្ធ ក្រុមហ៊ុន និងភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ។

កម្ពុជាបាននិងកំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធទំនើប រួមទាំងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ។ ទោះជាយ៉ាងណា ហេដ្ឋារចនាសម្ព័ន្ធរូបវន្តតែមួយមុខ មិនអាចបញ្ចេញសក្ដានុពលបានពេញលេញនោះឡើយ ប្រសិនបើខ្វះខាតធនធានមនុស្ស។ នៅពីក្រោយប្រតិបត្តិការអាកាសយានដ្ឋានប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព គឺចាំបាច់ត្រូវមានអ្នកជំនាញ ដូចជា វិស្វករ បច្ចេកទេសថែទាំយន្តហោះ អ្នកបើកបរយន្តហោះ អ្នកគ្រប់គ្រងប្រតិបត្តិការ និងបុគ្គលិកបម្រើការលើយន្តហោះ។ ហេតុនេះ ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ចាំបាច់ត្រូវដើរទន្ទឹមគ្នាជាមួយនឹងការរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ ដោយការចុះហត្ថលេខានាថ្ងៃនេះស្របគ្នាទាំងស្រុងទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស។

ដើម្បីធានាបាននូវគុណភាពអប់រំ និងជោគជ័យយូរអង្វែង ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងនូវទិសដៅកិច្ចសហប្រតិបត្តិការសំខាន់ៗចំនួន ៤ចំណុច៖
១). ការធានាគុណភាព និងស្ដង់ដាសិក្សា៖ រៀបចំកម្មវិធីសិក្សាឱ្យស្របតាមក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា (CNQF) និងស្ដង់ដាអាកាសចរណ៍តំបន់ និងអន្តរជាតិ។
២). ការរៀបចំផ្លូវសិក្សាបន្តពីមធ្យមសិក្សា៖ លើកកម្ពស់ការតម្រង់ទិសអាជីព និងការអប់រំ STEM នៅតាមវិទ្យាល័យ។
៣). ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងឧស្សាហកម្ម៖ ជំរុញកិច្ចសហការជិតស្និទ្ធរវាងសាកលវិទ្យាល័យ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) និងក្រុមហ៊ុនអាកាសចរណ៍ ដើម្បីឆ្លើយតបចំពោះតម្រូវការទីផ្សារពលកម្ម។
៤). នវានុវត្តន៍ ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ៖ ជំរុញការស្រាវជ្រាវអនុវត្តលើបច្ចេកវិទ្យាអាកាសចរណ៍ថ្មីៗ សុវត្ថិភាពអាកាសចរណ៍ ព្រមទាំងការផ្លាស់ប្ដូរបទពិសោធគ្រូបង្រៀន និងនិស្សិត។

សូមជម្រាបថា ការបង្កើតសាកលវិទ្យាល័យ WCC IATU ធ្វើឡើងក្នុងគោលដៅអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាពបច្ចេកទេស និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងវិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ដែលកំពុងមានការរីកចម្រើនយ៉ាងរហ័ស។ គម្រោងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញដល់ «អាកាសយានដ្ឋានអន្តរជាតិតេជោ» និងប្រព័ន្ធអេកូឡូស៊ីអាកាសចរណ៍ជាតិ។ នៅក្នុងដំណាក់កាលចាប់ផ្ដើម សាកលវិទ្យាល័យនឹងបើកបង្រៀននូវកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញសំខាន់ៗ រួមមាន វិស្វកម្មថែទាំយន្តហោះ (Aircraft Maintenance Engineering) និងការគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនអាកាសចរណ៍ (Airline Operations Management) ដោយផ្ដល់ជូននូវចំណេះដឹងទ្រឹស្ដី បទពិសោធអនុវត្តជាក់ស្ដែង និងការចុះធ្វើកម្មសិក្សាស្របតាមស្ដង់ដាអន្តរជាតិ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)