ពត៌មាន

អន្តរក្រសួងនៅកម្ពុជា ពួតដៃគ្នាជំរុញល្បឿនទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសកុមារ និងយុវជននៅកម្ពុជា

ចុះផ្សាយនៅថ្ងៃ៖​​ 30/09/2026 ~ 14 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
អន្តរក្រសួងនៅកម្ពុជា ពួតដៃគ្នាជំរុញល្បឿនទប់ស្កាត់អំពើជួញដូរមនុស្សគ្រប់ទម្រង់ ជាពិសេសកុមារ និងយុវជននៅកម្ពុជា

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារទប់ស្កាត់អំពើជួញដូរមនុស្សនៃ គ.ជ.ប.ជ. បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ក្រុមការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) ស្ដីពី «ការផ្សព្វផ្សាយវឌ្ឍនភាពការងារ និងទិសដៅបន្ត» ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមកពីបណ្ដាក្រសួងស្ថាប័នជាង២០ ជាសមាជិក សមាជិកានៃក្រុមការងារអន្តរក្រសួងទទួលបន្ទុកការងារបង្ការនិងទប់ស្កាត់អំពើជួញដូរមនុស្ស នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) តំណាងដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ។

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បី ១) ពិនិត្យឡើងវិញនូវវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមនានា ២) ពង្រឹងការសម្របសម្រួលនិងទទួលខុសត្រូវ ដោយពិនិត្យលើបញ្ហាសំខាន់ៗដូចជា ក្រុមជនងាយរងគ្រោះ ការធ្វើចំណាកស្រុក ផលប៉ះពាល់ពីសង្គ្រាមនៅព្រំដែនជាមួយប្រទេសថៃ ការកេងប្រវ័ញ្ចតាមប្រព័ន្ធអ៊ីនធឺណិតជាដើម ៣) ការកំណត់សកម្មភាពអាទិភាពសម្រាប់ដំណាក់កាលបន្ទាប់ និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសគឺការចែករំលែកបទពិសោធ និងព័ត៌មានជាដើម។

ក្រសួងអប់រំ យុវជន និងកីឡា មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ការយល់ដឹងពីបញ្ហាពាក់ព័ន្ធជាមួយនឹងការការពារមនុស្ស ការពង្រឹងកម្មវិធីផ្សព្វផ្សាយការយល់ដឹងនៅក្នុងសាលារៀនអំពីទម្រង់នៃការជួញដូរមនុស្ស ល្បិចកលជនខិលខូច ផលប៉ះពាល់នៃអំពើជួញដូរមនុស្ស និងសុវត្ថិភាពតាមប្រព័ន្ធអនឡាញ។ ក្រសួងបានពង្រីកការអប់រំជំនាញបំណិនជីវិតនិងការចូលរួមរបស់យុវជន ពង្រឹងយន្តការនៃការសិក្សាស្វែងយល់ និងការរាយការណ៍ឱ្យបានទាន់ពេលវេលានៅក្នុងសាលារៀន និងក្នុងសហគមន៍។ ទន្ទឹមនេះ ក្រសួងក៏បានពង្រឹងប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលគ្រូបង្រៀន នាយកសាលា និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យពួកគេអាចកំណត់បាននូវហានិភ័យ និងឆ្លើយតបយ៉ាងសមស្រប ព្រមទាំងបានពង្រីកកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាណាព្យាបាល សហគមន៍ និងក្រុមប្រឹក្សាមូលដ្ឋាន ដើម្បីកសាងបរិយាកាសប្រកបដោយសុវត្ថិភាព និងការការពារសម្រាប់កុមារ និងយុវជន។ តែការអប់រំតែមួយមុខ មិនអាចដោះស្រាយបញ្ហានេះបានឡើយ ត្បិតថាការជួញដូរមនុស្ស គឺជាបញ្ហាប្រឈមពហុវិស័យ ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងការឆ្លើយតបយ៉ាងឆាប់រហ័ស និងស៊ីជម្រៅ ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងអន្តរជាតិ។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមលើកទឹកចិត្តគ្រប់ក្រសួងស្ថាប័នទាំងអស់ផ្ដល់កិច្ចពិភាក្សា ចែករំលែកបទពិសោធ និងព័ត៌មានតាមជំនាញរបស់ខ្លួន ដោយបើកចំហអំពីវឌ្ឍនភាព និងបញ្ហាប្រឈម ព្រមទាំងស្នើឡើងនូវដំណោះស្រាយជាក់ស្ដែង ដើម្បីពង្រឹងការឆ្លើយតបបានទាន់ពេលវេលា ដោយជឿជាក់ថា កិច្ចប្រជុំថ្ងៃនេះ គឺជាឱកាសដើម្បីបញ្ជាក់ជាថ្មីនូវការប្ដេជ្ញាចិត្ត និងការទទួលខុសត្រូវរួមលើអនាគតកុមារ យុវជន និងប្រទេសជាតិ។ បន្ថែមពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ១) ពង្រឹងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Crime/Online Scam) ២) លើកកម្ពស់ការចែករំលែកទិន្នន័យព័ត៌មាន និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ៣) ពង្រឹងការអនុវត្តច្បាប់ និងយន្តការយុត្តិធម៌ដែលផ្ដល់ភាពកក់ក្ដៅដល់ប្រជាជន និងជនរងគ្រោះ ៤) ដោះស្រាយឫសគល់នៃបញ្ហា ដូចជាភាពក្រីក្រ ការធ្វើចំណាកស្រុក និងកង្វះឱកាសពង្រឹងប្រព័ន្ធការពាររឹងមាំ ដែលមានមូលដ្ឋាននៅក្នុងសហគមន៍ និង ៥) ធានាថាកុមារ យុវជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវបានការពារពីការកេងប្រវ័ញ្ច រំលោភបំពានគ្រប់ទម្រង់៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)