ពត៌មាន
ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦ នឹងរៀបចំនៅខេត្តកំពត ដើមខែតុលា
ចុះផ្សាយនៅថ្ងៃ៖ 29/09/2026 ~ 4 ម៉ោងមុន
•
ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តកំពត នឹងរៀបចំ «ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតងតំបន់ឆ្នេរ ឆ្នាំ២០២៦» នៅខេត្តកំពត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដើម្បីចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងលើកកម្ពស់ការធ្វើដំណើរកម្សាន្តក្នុងតំបន់ឆ្នេរ។
ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅបរិវេណរូបសំណាកបាតដៃ និងតំបន់ជាប់ដងទន្លេកំពត ដោយមានការរៀបចំសកម្មភាពជាច្រើន ដូចជា វេទិកាពិភាក្សាទេសចរណ៍ (Talk Show) ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក និងម្ហូបអាហារខ្មែរ ព្រមទាំងការសម្តែងសិល្បៈ និងសកម្មភាពកម្សាន្តផ្សេងៗ។
តាមរយៈព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងមានឱកាសស្វែងយល់ពីសក្តានុពលទេសចរណ៍ និងម្ហូបអាហាររបស់តំបន់ឆ្នេរ ព្រមទាំងទទួលយកបទពិសោធន៍ទេសចរណ៍នៅខេត្តកំពត ក្នុងរដូវកាលបៃតង។
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីរួមចំណែកផ្សព្វផ្សាយ និងគាំទ្រសកម្មភាពទេសចរណ៍ក្នុងតំបន់។










