ពត៌មាន

ពិព័រណ៍វត្តភ្នំ បង្ហាញភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីខ្មែរ ដល់ភ្ញៀវអន្តរជាតិចូលរួមក្នុង GX Summit ២០២៦

ចុះផ្សាយនៅថ្ងៃ៖​​ 25/09/2026 ~ 15 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ពិព័រណ៍វត្តភ្នំ បង្ហាញភាពសម្បូរបែបនៃវប្បធម៌ និងប្រពៃណីខ្មែរ ដល់ភ្ញៀវអន្តរជាតិចូលរួមក្នុង GX Summit ២០២៦

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឲ្យដឹងថា ការរៀបចំ «ពិព័រណ៍វត្តភ្នំ» គឺជាឱកាសសម្រាប់ភ្ញៀវទេសចរដែលចូលរួមក្នុង GX Summit ២០២៦ ស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងប្រពៃណីខ្មែរ តាមរយៈសកម្មភាពវប្បធម៌ និងម្ហូបអាហារជាច្រើន។

លោកបានជូនពរដល់ដំណើរទស្សនកិច្ចរបស់ភ្ញៀវទេសចរដែលរៀបចំដោយក្រុមហ៊ុន G Adventures ក្នុងប្រទេសកម្ពុជា ក្នុងរដូវបៃតងនេះ ទទួលបានជោគជ័យ ប្រកបដោយសុវត្ថិភាព ភាពរីករាយ និងទទួលបានបទពិសោធន៍ល្អៗ ព្រមទាំងអនុស្សាវរីយ៍ថ្មីៗដែលមិនអាចបំភ្លេចបាន។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍វត្តភ្នំ «Wat Phnom Fair» ដែលរៀបចំឡើង នៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដោយមានការចូលរួមពីលោក លោកស្រី គណៈប្រតិភូ GX Summit ២០២៦ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ពិព័រណ៍វត្តភ្នំ «Wat Phnom Fair» ត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន G Adventures ដោយមានភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៧០០នាក់ចូលរួម។ ព្រឹត្តិការណ៍នេះ គឺជាផ្នែកមួយនៃកម្មវិធី ជាច្រើនក្នុងមហាសន្និបាត GX Summit ២០២៦ ដែលផ្តល់ឱកាសដល់ភ្ញៀវទេសចរអន្តរជាតិ ស្វែងយល់កាន់តែច្បាស់ពីវប្បធម៌ អរិយធម៌ ប្រពៃណី និងអត្តសញ្ញាណរបស់កម្ពុជា។

តាមរយៈពិព័រណ៍នេះ ភ្ញៀវបានទស្សនាការសម្តែងសិល្បៈបុរាណ ការលេងល្បែងប្រជាប្រិយ ការស្លៀកពាក់តាមបែបប្រពៃណីខ្មែរ ការរាំវង់ និងភ្លក់ម្ហូបអាហារខ្មែរចម្រុះ ព្រមទាំងសកម្មភាពវប្បធម៌ និងទស្សនីយភាពជាច្រើនទៀត។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីប្រវត្តិនៃការកកើត និងការវិវឌ្ឍរបស់រាជធានីភ្នំពេញ ចាប់តាំងពីឆ្នាំ១៤៣៤ ព្រមទាំងការឆ្លងកាត់ដំណាក់កាលលំបាកនានា រហូតដល់ការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញ និងកម្ពុជាទាំងមូល មានសុខសន្តិភាព សុវត្ថិភាព និងស្ថិរភាព ដែលជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិធំៗ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)