ពត៌មាន

នាយបេសកកម្មកម្ពុជា ចាត់ទុកការឈ្នះមេដាយ ២គ្រឿងដំបូង នៅកីឡាអាស៊ី ជាថាមពលផ្លូវចិត្តដ៏សំខាន់ដល់អត្តពលិកផ្សេងៗត្រៀមការប្រកួតបន្ទាប់

ចុះផ្សាយនៅថ្ងៃ៖​​ 21/09/2026 ~ 16 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
នាយបេសកកម្មកម្ពុជា ចាត់ទុកការឈ្នះមេដាយ ២គ្រឿងដំបូង នៅកីឡាអាស៊ី ជាថាមពលផ្លូវចិត្តដ៏សំខាន់ដល់អត្តពលិកផ្សេងៗត្រៀមការប្រកួតបន្ទាប់

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជានាយបេសកកម្មក្រុមកីឡាជម្រើសជាតិកម្ពុជា បានចាត់ទុកជាការឈ្នះមេដាយសំរឹទ្ធ ២គ្រឿងដំបូង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ ឆ្នាំ២០២៦ នៅប្រទេសជប៉ុន គឺជាប្រភពថាមពលផ្លូវចិត្តដ៏សំខាន់ សម្រាប់អត្តពលិកប្រភេទកីឡាផ្សេងៗ ក្នុងការត្រៀមការប្រកួតប្រជែង និងស្វែងរកមេដាយជូនជាតិបន្ដទៀត។

អ្វីដែលជាមោទនភាពដ៏ខ្ពង់ខ្ពស់ និងជាដំណឹងរីករាយបំផុតសម្រាប់ប្រជាជាតិខ្មែរទាំងមូល គឺក្រុមកីឡាបាល់ទាត់លើតុកម្ពុជា បានប្រជែងដណ្តើមបានមេដាយដំបូងជូនមាតុភូមិ។ ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់លើតុកម្ពុជាផងនោះ លោក វ៉ាត់ ចំរើន បានសម្តែងនូវការកោតសរសើរ និងស្ញប់ស្ញែងយ៉ាងជ្រាលជ្រៅចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម រហូតអាចវិវត្តសមត្ថភាពពីការប្រកួតកម្រិតតំបន់ សន្ទុះទៅដណ្តើមបានមេដាយក្នុងព្រឹត្តិការណ៍កម្រិតទ្វីបដ៏ធំមួយនេះ។

លោកបានសង្កត់ធ្ងន់ថា «ការសម្រេចបានមេដាយកម្រិតទ្វីបអាស៊ីនាពេលនេះ មិនត្រឹមតែជាជ័យជម្នះដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូ និងជាប្រភពថាមពលផ្លូវចិត្តដ៏សំខាន់ សម្រាប់ប្រភេទកីឡាផ្សេងៗទៀតរបស់កម្ពុជា ក្នុងការតស៊ូដណ្តើមជ័យជម្នះជូនជាតិ»។

គួរដឹងថា កម្ពុជាបានបញ្ជូនអត្តពលិកចំនួន ១០៦នាក់លើ ១៤ប្រភេទកីឡា ទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ី លើកទី២០ នៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលាខាងមុខ៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)