ពត៌មាន
សិង្ហបុរីផ្ដល់រង្វាន់ដល់ពលរដ្ឋ អានសៀវភៅយ៉ាងហោចណាស់ ១៥នាទីក្នុងមួយថ្ងៃ ដើម្បីកាត់បន្ថយ Doomscrolling
ចុះផ្សាយនៅថ្ងៃ៖ 17/09/2026
•
ប្រទេសសិង្ហបុរីបានចាប់ផ្ដើមយុទ្ធនាការជាតិរយៈពេល៥ឆ្នាំ ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋបង្កើតទម្លាប់អានសៀវភៅជាប្រចាំ តាមរយៈការប្រើប្រាស់បច្ចេកទេស «Gamification» ឬការបញ្ចូលប្រព័ន្ធរង្វាន់ទៅក្នុងសកម្មភាពអាន។ កម្មវិធី ReadSG ដែលដឹកនាំដោយក្រុមប្រឹក្សាបណ្ណាល័យជាតិសិង្ហបុរី (NLB) បានចាប់ផ្ដើមនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។
តាមកម្មវិធីនេះ អ្នកចូលរួមអាចកត់ត្រាការអានរបស់ខ្លួនតាមប្រព័ន្ធ CrowdTaskSG ដោយអានយ៉ាងហោចណាស់១៥នាទីក្នុងមួយថ្ងៃ។ សម្រាប់ការអានមួយលើក អ្នកចូលរួមនឹងទទួលបាន២០កាក់និម្មិត ហើយអាចកត់ត្រាបានតែមួយលើកក្នុងមួយថ្ងៃ។ កាក់ចំនួន១,០០០ មានតម្លៃស្មើនឹងប្រាក់១ដុល្លារសិង្ហបុរី មានន័យថា ត្រូវកត់ត្រាការអានប្រមាណ៥០ថ្ងៃ ដើម្បីប្រមូលបាន១,០០០កាក់។
NLB បានលើកឡើងថា យុទ្ធនាការនេះចាប់ផ្ដើមក្នុងពេលដែលមនុស្សអាចចំណាយពេលកាន់តែច្រើនលើមាតិកាឌីជីថលខ្លីៗ ដោយការអានជាប្រចាំអាចជួយអភិវឌ្ឍការយកចិត្តទុកដាក់ ការគិតពិចារណា ការស្រមៃ និងការយល់ដឹង។ គោលដៅសំខាន់របស់កម្មវិធី គឺបង្កើតទម្លាប់អានតាមរយៈសកម្មភាពតូចៗ និងជាប់លាប់ ជាជាងផ្ដោតតែលើរង្វាន់ជាទឹកប្រាក់។
ក្រៅពីរង្វាន់សម្រាប់អ្នកចូលរួម ការអានដែលបានកត់ត្រាក៏នឹងរួមចំណែកដល់យុទ្ធនាការ «Read for Good» ដែលមានគោលដៅប្រមូលនាទីអានចំនួន៧.៥លាននាទីក្នុងឆ្នាំ២០២៦ ដើម្បីអាចរៃអង្គាសថវិកាសប្បុរសធម៌រហូតដល់១៥ម៉ឺនដុល្លារសិង្ហបុរី សម្រាប់គាំទ្រសហគមន៍ដែលត្រូវការជំនួយផ្នែកការអាន និងការសិក្សា៕














