ពត៌មាន
ក្រសួងពាណិជ្ជកម្ម រៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា»
ចុះផ្សាយនៅថ្ងៃ៖ 14/09/2026 ~ 11 ម៉ោងមុន
•
នារសៀលថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រសួងពាណិជ្ជកម្មបានរៀបចំ «កម្មវិធីជជែកដេញដោលយុវជន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» ក្រោមប្រធានបទ «ពាណិជ្ជកម្មឌីជីថលនៅកម្ពុជា» ដើម្បីបណ្ដុះស្មារតីស្រាវជ្រាវ លើកកម្ពស់ការយល់ដឹង និងទាញយកទស្សនទានថ្មីៗពីសមត្ថភាព និងវិចារណញាណរបស់យុវជនកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដែលជាចលករយ៉ាងសំខាន់នៃសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
សម្រាប់ «វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ» នាពេលនេះ ត្រូវបានបែងចែកជាពីរជុំ ដោយមានការតស៊ូមតិរវាងក្រុមនិស្សិតតំណាងមកពីគ្រឹះស្ថានឧត្តមសិក្សាឈានមុខ ដូចខាងក្រោម៖
– ជុំទី១៖ ការតស៊ូមតិរវាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP – ក្រុមស្រប) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT – ក្រុមបដិសេធ) លើប្រធានបទ៖ «កម្ពុជាគប្បីផ្តល់អាទិភាពលើការបង្កើតទីផ្សារឌីជីថលដែលមានការគ្រប់គ្រងតាមបទប្បញ្ញត្តិ និងមានគណនេយ្យភាពខ្ពស់ ជាជាងការបង្កើតបរិយាកាសប្រកបដោយបរិយាបន្នដែលមានរបាំងទាបសម្រាប់ធុរកិច្ចក្រៅប្រព័ន្ធ និងធុរកិច្ចតាមអនឡាញដែលទើបចាប់ផ្តើមដំបូង»។
– ជុំទី២៖ ការតស៊ូមតិរវាងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP – ក្រុមស្រប) និងវិទ្យាស្ថានខេមអេដ (CamEd – ក្រុមបដិសេធ) លើប្រធានបទ៖ «កម្ពុជាគប្បីផ្តល់អាទិភាពលើការគាំទ្រពាណិជ្ជកម្មឌីជីថលឱ្យចំគោលដៅដល់ធុរកិច្ចដែលមានសមត្ថភាពប្រកួតប្រជែងក្នុងតំបន់ ជាជាងការគាំទ្រពាណិជ្ជកម្មឌីជីថលដែលមានលក្ខណៈទូលំទូលាយដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)»។
កម្មវិធីនេះមិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាព និងភាពវៃឆ្លាតរបស់យុវជនជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការអភិវឌ្ឍធនធានមនុស្ស ការកសាងគោលនយោបាយ និងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគាំទ្រដល់ការរីកចម្រើននៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce) និងពាណិជ្ជកម្មឌីជីថលនៅកម្ពុជាប្រកបដោយចីរភាព និងបរិយាបន្ន៕



















