ពត៌មាន

ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ​បញ្ចប់ទៅដោយទទួលបានជោគជ័យ និងការគាំទ្រពីសំណាក់អ្នកស្វែងរកការងារ

ចុះផ្សាយនៅថ្ងៃ៖​​ 14/09/2026 ~ 13 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ ​បញ្ចប់ទៅដោយទទួលបានជោគជ័យ និងការគាំទ្រពីសំណាក់អ្នកស្វែងរកការងារ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទពិព័រណ៍ជាតិការងារ និងផលិតភាពការងារ ឆ្នាំ២០២៦ លើកទី១៦ ដែលបានរៀបចំឡើងក្នុងរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ “ជំនាញ និងការងារ៖ ផលិតភាពការងារដើម្បីកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព” នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយពិព័រណ៍ជាតិនេះសម្រេចបាននូវគោលបំណងធំៗចំនួនបី និងមានអ្នកចូលរួមទស្សនាប្រមាណ ១២ម៉ឺននាក់ទាំងផ្ទាល់ និងតាមអនឡាញ។

ឯកឧត្តមគូសបញ្ជាក់ថា គោលបំណងទី១ នៃពិព័រណ៍ជាតិនេះគឺ ការផ្ដល់សេវាការងារ និងប្រឹក្សាយោបល់ការងារជូនដល់អ្នកស្វែងរកការងារ ដោយរៀបចំឱ្យមាន “សួនការងារ” ដែលជាគំនិតច្នៃប្រឌិតថ្មីមួយ និងជាយន្តការបន្ថែមដែលផ្តល់សេវានៅមួយកន្លែងដល់អ្នកស្វែងរកការងារ សិស្សនិស្សិត ចាប់តាំងពីការរៀបចំ និងព្រីនប្រវត្តិរូបសង្ខេប ការផ្តល់ប្រឹក្សាយោបល់អាជីពដើម្បីត្រៀមខ្លួន រហូតដល់ការដាក់ពាក្យ និងការសម្ភាសជ្រើសរើសភ្លាមៗ។ គោលបំណងទី២ គឺការបញ្ជ្រាបព័ត៌មានពីតម្រូវការនៃជំនាញ និងកម្រិតជំនាញទាំងពេលបច្ចុប្បន្ន និងអនាគត។ គោលបំណងទី៣ គឺការរៀបចំវេទិកាដេញដោលសាធារណមតិ ដោយផ្តល់ឱកាសសម្រាប់ក្មួយៗកំពុងតែរៀននៅកម្រិតវិទ្យាល័យដើម្បីជជែកបំផុសគំនិតសម្រាប់អ្នកដែលនៅក្នុងការងារ អ្នកផ្ដល់ការបណ្ដុះបណ្ដាល និយោជក ដៃគូពាក់ព័ន្ធ និងក្មេងៗជំនាន់ក្រោយ ដើម្បីត្រៀមខ្លួន និងយល់ដឹងជាមុនថាតើអ្វីទៅជាសារៈសំខាន់នៃជំនាញដើម្បីកំណើនផលិតភាព។

ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា គោលបំណងទាំងបីគឺបានសម្រេច ដោយឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា ក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ សមាគម និងក្រុមហ៊ុននានានឹងបន្តជួយគាំទ្របន្ថែមទៀតក្នុងការប្រារព្ធពិព័រណ៍ជាតិនេះនៅឆ្នាំក្រោយៗ ហើយអំពាវនាវឱ្យអ្នកចូលរួមទាំង​អស់សូមធ្វើជាអ្នកនាំសារផ្សព្វផ្សាយបន្តទៅដល់ពលរដ្ឋផ្សេងទៀត ដើម្បីចូលរួមអភិវឌ្ឍជំនាញបន្ថែមទៀត។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)