ពត៌មាន

ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង ជំរុញនិស្សិតសិក្សាជំនាញ Semiconductor និង Physical AI ដែលកម្ពុជាត្រូវការសម្រាប់អភិវឌ្ឍប្រទេស

ចុះផ្សាយនៅថ្ងៃ៖​​ 10/09/2026 ~ 9 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង ជំរុញនិស្សិតសិក្សាជំនាញ Semiconductor និង Physical AI ដែលកម្ពុជាត្រូវការសម្រាប់អភិវឌ្ឍប្រទេស

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកបណ្ឌិត O-Bong Yang សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិឆុនប៊ុក (Jeonbuk National University) នៅសាកលវិទ្យាល័យជាតិឆុនប៊ុក ក្នុងខេត្តឆុនប៊ុក សាធារណរដ្ឋកូរ៉េ។

សាកលវិទ្យាល័យជាតិឆុនប៊ុក ជាសាកលវិទ្យាល័យជាប់លំដាប់ថ្នាក់ទី៣ ក្នុងចំណោមសាកលវិទ្យាល័យជាតិរបស់កូរ៉េ មានជំនាញឯកទេសផ្នែកផលិតផលពាក់កណ្តាលសម្រេចសឺម៉ីកុងឌុចទ័រ (Semi-conductor) បញ្ញាសិប្បនិម្មិតរូបវន្ត (Physical AI) និងកសិកម្ម។ សាកលវិទ្យាល័យនេះ ក៏ជាសាកលវិទ្យាល័យដែលមាននិស្សិតកម្ពុជាបន្តការសិក្សាច្រើនជាងគេ ក្នុងចំណោមសាកលវិទ្យាល័យទាំងអស់នៅប្រទេសកូរ៉េផងដែរ។

លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានលើកឡើងថា សាកលវិទ្យាល័យជាតិឆុនប៊ុក គឺជាសាកលវិទ្យាល័យដែលមានជំនាញ Semi-conductor និង Physical AI ហើយមុខវិជ្ជាទាំងពីរនេះ ក៏ជាមុខវិជ្ជាដែលកម្ពុជាត្រូវការសម្រាប់ការអភិវឌ្ឍប្រទេសផងដែរ។ ដូច្នេះ លោកសង្ឃឹមថា ប្អូនៗនឹងជ្រើសរើសយកមុខវិជ្ជាទាំងពីរ សម្រាប់ការសិក្សាជំនាញរបស់ខ្លួន។

លោកបានលើកទឹកចិត្តនិស្សិតកម្ពុជា ឱ្យខិតខំរៀនសូត្រទាំងភាសាកូរ៉េ និងជំនាញឯកទេស ព្រមទាំងឆ្លៀតពេលធ្វើកម្មសិក្សានៅតាមស្ថាប័ននានា ដើម្បីទទួលបានបទពិសោធន៍ការងារជាក់ស្តែង។ ជាមួយគ្នានេះ លោកក៏បានណែនាំឱ្យនិស្សិតយកចិត្តទុកដាក់ថែរក្សាសុខភាព និងមើលថែគ្នាទៅវិញទៅមកផងដែរ៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)