ពត៌មាន
ក្រសួងការងារ ជំរុញការត្រៀមកម្លាំងពលកម្មកម្ពុជាឱ្យសម្របខ្លួននឹងឥទ្ធិពល AI និងអនាគតទីផ្សារការងារ
ចុះផ្សាយនៅថ្ងៃ៖ 03/09/2026 ~ 21 ម៉ោងមុន
•
ឯកឧត្តមបណ្ឌិត គួច សុមាន រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាកម្ពុជា ៤.០ លើកទី៦ ស្តីពី “ឥទ្ធិពលនៃ AI លើទីផ្សារការងារ និងអនាគតនៃការងារ” ក្នុងគោលបំណងចែករំលែកទស្សនៈ និងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ដើម្បីបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត គួច សុមាន បានធ្វើបទបង្ហាញ និងចែករំលែកទស្សនៈ ព្រមទាំងធាតុចូលពាក់ព័ន្ធនឹងការត្រៀមខ្លួនរបស់កម្លាំងពលកម្មកម្ពុជា ក្នុងការបត់បែន និងសម្របខ្លួនទៅនឹងការរីកចម្រើននៃ AI។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយបន្តនូវចំណេះដឹង និងខ្លឹមសារដែលទទួលបានពីវេទិកានេះ ដល់សាធារណជន និងភាគីពាក់ព័ន្ធ ដើម្បីរួមចំណែកជំរុញបរិវត្តកម្មឌីជីថល និងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។
ជាមួយគ្នានេះ អង្គវេទិកាបានលើកឡើងពីសារៈសំខាន់ និងឥទ្ធិពលរបស់បញ្ញាសិប្បនិម្មិត (AI) លើទីផ្សារការងារ ព្រមទាំងតម្រូវការក្នុងការអភិវឌ្ឍមូលធនមនុស្ស និងជំនាញឌីជីថល ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃពិភពការងារ។ ទន្ទឹមនេះវេទិកាបានជំរុញឱ្យយុវជន និងកម្លាំងពលកម្មកម្ពុជា ពង្រឹងចំណេះដឹង ជំនាញឌីជីថល គំនិតច្នៃប្រឌិត និងភាពបត់បែន ដើម្បីអាចសម្របខ្លួន និងរក្សាបាននូវភាពប្រកួតប្រជែងក្នុងទីផ្សារការងារនាពេលអនាគត៕


























