ពត៌មាន

ពិធីបិទកម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស និងអំណានល្បី (X-Reading and Great Book Program Competition)

ចុះផ្សាយនៅថ្ងៃ៖​​ 02/09/2026 ~ 19 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ពិធីបិទកម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស និងអំណានល្បី (X-Reading and Great Book Program Competition)

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុង “កម្មវិធីប្រកួតប្រជែងអំណានភាសាអង់គ្លេស និងអំណានល្បី” (X-Reading and Great Book Program Competition) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រែកលៀប។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក សៅ វណ្ណា នាយកប្រតិបត្តិនៃអង្គការ KAPE ព្រមទាំងទីប្រឹក្សា និងតំណាងអង្គការ KAPE ជាគណៈកម្មការវាយតម្លៃ និងលោកនាយក លោកស្រីនាយិកា លោកគ្រូ អ្នកគ្រូផងដែរ។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពក្លាហាន និងសមត្ថភាពរបស់សិស្សានុសិស្សក្នុងការអាន វិភាគ និងបកស្រាយរឿងនិទានជាភាសាខ្មែរ និងភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញ។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការប្រកួតប្រជែងឈ្នះចាញ់មួយថ្ងៃនោះទេ ប៉ុន្តែជារង្វាន់នៃការបណ្ដុះទម្លាប់អាន និងទំនុកចិត្តពេញមួយជីវិត តាមរយៈការប្រើប្រាស់ជំនាញសតវត្សរ៍ទី២១ រួមមាន ការវិភាគស៊ីជម្រៅ (Critical Thinking) ការប្រាស្រ័យទាក់ទង និងភាពច្នៃប្រឌិត។

លើសពីនេះ កម្មវិធីអំណានត្រូវបានកំណត់ជាយន្តការគន្លឹះ ក្នុងទិសដៅកំណែទម្រង់ការសិក្សាអប់រំ ដោយភ្ជាប់ការប្រើប្រាស់ភាសាអង់គ្លេស និងវប្បធម៌នៃការអាន ទៅនឹងការផ្លាស់ប្ដូរវិធីសាស្ត្របង្រៀនបែបវិភាគស៊ីជម្រៅ ស្របតាមលំនាំនៃការវាយតម្លៃស្ដង់ដាអន្តរជាតិ PISA។ បទពិសោធ និងគំរូជោគជ័យពីសាលារៀនជំនាន់ថ្មីទាំង ១២ នឹងត្រូវដកស្រង់ដើម្បីពង្រីកវិសាលភាពទៅកាន់សាលារៀនដទៃទៀតនៅទូទាំងប្រទេសកម្ពុជា សំដៅលើកកម្ពស់គុណភាពអប់រំជាតិទាំងមូល។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)