ពត៌មាន
កម្មវិធី “ការប្រកួតប្រជែងរូបថត និងការប្រកួតប្រជែងវីដេអូខ្លី” ក្រោមប្រធានបទ ការក្រឡេកមើលការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គនៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ 21/08/2026 ~ 14 ម៉ោងមុន
•
ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជន និងបណ្តាញសារព័ត៌មាននានាឱ្យបានជ្រាបថា ក្រសួងបរិស្ថាននឹងរៀបចំកម្មវិធី “ការប្រកួតប្រជែងរូបថត និងការប្រកួតប្រជែងវីដេអូខ្លី” ក្រោមប្រធានបទ៖ ការក្រឡេកមើលការបំពុលដោយប្លាស្ទិកនៅទន្លេមេគង្គនៅកម្ពុជា (Eyes on Plastic Pollution in Mekong River Cambodia) ចាប់ពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖ ១-លើកកម្ពស់ការយល់ដឹងអំពីការបំពុលទន្លេដោយសំណល់ប្លាស្ទិក តាមរយៈការជំរុញគំនិតច្នៃប្រឌិតក្នុងការផលិតរូបថត និងវីដេអូខ្លីផ្សព្វផ្សាយទាក់ទងនឹងការទប់ស្កាត់សំណល់ប្លាស្ទិកហូរចូលទន្លេ និងប្រភពទឹកសាធារណៈ និង ២-ចូលរួមលើកកម្ពស់ភាពស្អាត ជំរុញការបណ្តុះគំនិតស្រឡាញ់ និងថែរក្សាបរិស្ថានក្នុងចំណោមសាធារណជន។
ដើម្បីលើកទឹកចិត្តដល់បេក្ខជនដែលមានស្នាដៃឆ្នើម ក្រសួងបរិស្ថានក៏បានរៀបចំរង្វាន់លើកទឹកចិត្តជាច្រើនសម្រាប់ជ័យលាភី លេខ១៖ ថវិកា ១.០០០.០០០រៀល និងប័ណ្ណសរសើរ លេខ២៖ ថវិកា ៧០០.០០០រៀល និងប័ណ្ណសរសើរ លេខ៣៖ ថវិកា ៤០០.០០០រៀល និងប័ណ្ណសរសើរ បេក្ខជនជាប់ដំណាក់កាលទី១ នឹងទទួលបានលិខិតសរសើរ។ អ្នកគ្រាន់តែមានទូរស័ព្ទដៃក៏អាចូលរួមថតរូបនិងវីដេអូសម្រាប់កម្មវិធីប្រកួតប្រជែងនេះបានដែរ៕


















