ពត៌មាន
ក្រុមកីឡាករខេត្តពោធិ៍សាត់ គ្រងជើងឯកបាល់ទះយុវជន U20 មណ្ឌលកំពង់ឆ្នាំង ឆ្នាំ២០២៦
ចុះផ្សាយនៅថ្ងៃ៖ 07/09/2026 ~ 11 នាទីមុន
•
ខេត្តកំពង់ឆ្នាំងបានក្លាយជាទីកន្លែងដ៏រស់រវើកសម្រាប់ការប្រកួតកីឡាបាល់ទះយុវជនអាយុក្រោម២០ឆ្នាំ (U20) មណ្ឌលកំពង់ឆ្នាំង ប្រចាំឆ្នាំ២០២៦ ដែលបានបិទបញ្ចប់ដោយជោគជ័យកាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦។
ការរៀបចំការប្រកួតនេះមានគោលបំណងសំខាន់ក្នុងការលើកកម្ពស់វិស័យកីឡាបាល់ទះ ពង្រឹងសមត្ថភាពយុវជន និងស្វែងរកធនធានកីឡាករឆ្នើមៗសម្រាប់បម្រើឱ្យវិស័យកីឡាជាតិ។ ក្នុងអំឡុងពេលប្រកួត គេសង្កេតឃើញមានការប្រកួតប្រជែងយ៉ាងស្វិតស្វាញពីសំណាក់ក្រុមយុវជនមកពីបណ្ដាខេត្តនានា ដោយកីឡាករម្នាក់ៗបានបង្ហាញនូវបច្ចេកទេសលេងយ៉ាងប៉ិនប្រសប់ ការវាយសម្រុកយ៉ាងមុតស្រួច និងការការពារយ៉ាងរឹងមាំ ដែលធ្វើឱ្យបរិយាកាសក្នុងទីលានពោរពេញដោយភាពរំភើបរីករាយ និងជាបទពិសោធន៍ដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយ។
ជាលទ្ធផលនៃការប្រកួតបាល់ទះយុវជនអាយុក្រោម២០ឆ្នាំ មណ្ឌលកំពង់ឆ្នាំង ឆ្នាំ២០២៦ ក្រុមកីឡាករមកពីខេត្តពោធិសាត់បានគ្រងជើងឯកលេខ១ ខណៈដែលក្រុមកីឡាករខេត្តកំពង់ឆ្នាំងទទួលបានចំណាត់ថ្នាក់លេខ២ និងក្រុមកីឡាករខេត្តបាត់ដំបងទទួលបានចំណាត់ថ្នាក់លេខ៣។ ជ័យលាភីទាំងនេះបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងទេពកោសល្យរបស់យុវជនកម្ពុជាក្នុងវិស័យកីឡាបាល់ទះ៕




















