ពត៌មាន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកបង្ហាញយុទ្ធសាស្ត្រគន្លឹះ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១

ចុះផ្សាយនៅថ្ងៃ៖​​ 18/09/2026 ~ មួយម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកបង្ហាញយុទ្ធសាស្ត្រគន្លឹះ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកបង្ហាញយុទ្ធសាស្ត្រគន្លឹះសំខាន់ៗ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។

ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ដោយបានណែនាំឱ្យថ្នាក់ដឹកនាំ និងក្រុមការងារសហព័ន្ធទូកទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការរៀបចំផែនការត្រៀមលក្ខណៈជ្រើសរើសកីឡាករកីឡាការិនីថ្នាលវ័យ ក្មេង ដើម្បីជ្រើសរើសយកមកបណ្តុះបណ្តាលត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ី ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០៣១។ ឯកឧត្តមប្រធានក៏បានបង្ហាញពីគន្លឹះមួយចំនួន ដើម្បីឱ្យការត្រៀមខ្លួនទទួលបានគុណវុឌ្ឍខ្ពស់ក្នុងការប្រកួតប្រជែង រួមមាន៖ សហព័ន្ធត្រូវតែបង្កើនការផ្សព្វផ្សាយដល់យុវជនតាមគ្រឹះស្ថានសិក្សា និងតាមបណ្តាខេត្តនានា ដើម្បីបញ្ជ្រាបការស្រឡាញ់ចូលចិត្តកីឡា ដែលជួយឱ្យយើងទទួលបាននូវធនធានប្រកបដោយគុណភាព។

ឯកឧត្តមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ត្រូវតែសម្លឹង និងយកចិត្តទុដាក់លើការជ្រើសរើសកីឡាករកីឡាការិនី ដោយមើលទៅលើអង្គភាពកងទ័ពជើងទឹក និងអង្គភាពនរគបាលជើងទឹក ដើម្បីឱ្យអង្គភាពទាំងនោះ ជ្រើសរើសកីឡាករ កីឡាការិនី ថ្នាលត្រឹមអាយុ១៣ទៅ១៤ឆ្នាំមកបណ្តុះបណ្តាលឱ្យខ្លាំងពូកែ លុះដល់ឆ្នាំ២០៣០ និង២០៣១ គឺយើងមានធនធានគ្រប់អាយុប្រកួតប្រជែងតែម្តង។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃចំពោះវឌ្ឍនៈភាពការងារក្នុងឆមាសទី១ និងបន្តទិសដៅឆមាសទី២ ដើម្បីស្វែងរកធាតុចូល ឈានឆ្ពោះទៅរកសក្កានុពលប្រកបដោយគុណភាពទាំងធនធានមនុស្ស ការហ្វឹកហាត់ ការរៀបចំព្រឹត្តិការណ៍ប្រកួតតាមស្តង់ដារអន្តរជាតិ និងការចេញទៅប្រកួតរបស់កីឡាករកីឡាការិនីនៅក្រៅប្រទេស។ ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងកញ្ញា មាស តឿ អគ្គហេរញ្ញិក បានបង្ហាញនូវរបាយការហិរញ្ញវត្ថុផងដែរ៕ ដោយ ហេង ណាលីន

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)