ពត៌មាន
ជំនួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង សហភាពអឺរ៉ុប និងមូលនិធិ Pierre Fabre
ចុះផ្សាយនៅថ្ងៃ៖ 16/09/2026 ~ 2 ម៉ោងមុន
•
នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence), សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre ចំនួន ១៣នាក់ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងភាគីពាក់ព័ន្ធ។
សូមបញ្ជាក់ថា និស្សិតកម្ពុជាចំនួន ១៣នាក់ ទទួលបានអាហារូបករណ៍រដ្ឋាភិបាលបារាំង (Bourse France Excellence), សហភាពអឺរ៉ុប (EU-AFD) និងមូលនិធិ Pierre Fabre ដើម្បីទៅបន្តការសិក្សា នៅសាកលវិទ្យាល័យនៅប្រទេសបារាំង លើមុខជំនាញវិស្វកម្មអគ្គិសនី, វិស្វកម្មគីមីឧស្សាហកម្ម, វិស្វកម្មស៊ីវិល និងគ្រឿងផ្តុំ, វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ, បច្ចេកវិទ្យាឱសថ និងសុខាភិបាល ដែលក្នុងនោះមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៣នាក់ (នារី ២នាក់) និងថ្នាក់បណ្ឌិតចំនួន ១០នាក់ (នារី ២នាក់), គ្រោងនឹងចេញដំណើរទៅបន្តការសិក្សានៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ៕
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវការអបអរសាទរពីសំណាក់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះនិស្សិតជ័យលាភីទាំងអស់ ដោយបានគូសបញ្ជាក់នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់និស្សិត ដែលទទួលបានអាហារូបករណ៍ដ៏មានតម្លៃនេះ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងនាពេលខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ដល់និស្សិតទាំងអស់ ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ និងថែរក្សាសុខភាពឱ្យបានរឹងមាំ ដោយត្រូវត្រៀមសម្របខ្លួននឹងអាកាសធាតុត្រជាក់ ជាពិសេសត្រូវចេះបត់បែន និងរៀបចំខ្លួនឱ្យបានល្អប្រសើរ ទាំងផ្នែកស្មារតី និងកាយសម្បទា រក្សាវិន័យ ព្រមទាំងដើរតួជាតំណាងមុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិ ដើម្បីទទួលបានលទ្ធផលល្អប្រសើរក្នុងការសិក្សា និងនាំយកចំណេះដឹង ជំនាញ ត្រឡប់មកចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិវិញ។
























