ពត៌មាន
សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា។
ចុះផ្សាយនៅថ្ងៃ៖ 17/09/2026
•
ក្នុងគោលបំណងលើកកម្ពស់ការសិក្សាអប់រំ និងជាពិសេសចូលរួមកាត់បន្ថយអត្រានៃការបោះបង់ការសិក្សាចំពោះគ្រួសារក្រីក្រ ក៏ដូចជាឈរលើគោលការ “មិនបោះបង់ពលរដ្ឋណាម្នាក់”, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធគាំពារសង្គម បានសម្រេចដាក់ចេញនូវ កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា កាលពីដើមឆ្នាំ២០២៥ ដើម្បីផ្តល់ជូនប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់គ្រួសារក្រីក្រមានបណ្ណសមធម៌ ដែលមានសមាជិកសិក្សានៅបឋមសិក្សា (ថ្នាក់ទី១ ដល់ទី៦) និងមធ្យមសិក្សា(ថ្នាក់ទី៧ ដល់ថ្នាក់ទី១២)។
កម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមកាត់បន្ថយសម្ពាធថវិកាក្នុងគ្រួសារ ព្រមទាំងជួយទប់ស្កាត់ និងកាត់បន្ថយអត្រាបោះបង់ការសិក្សារបស់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រ។ ជាការកត់សម្គាល់, នៅក្នុងឆ្នាំ២០២៦ នេះ សិស្សានុសិស្សដែលជាសមាជិកគ្រួសារមានបណ្ណសមធម៌ ចំនួន ៦ ២៩១ នាក់ មានឱកាសចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ក្នុងចំណោមនោះមានសិស្សានុសិស្សចំនួន ៦១ នាក់ ទទួលបានលទ្ធផលប្រឡងជាប់ និទ្ទេស A ទៀតផង។
លទ្ធផលនេះបានស្តែងឲ្យឃើញយ៉ាងច្បាស់ថា កម្មវិធីដែលបានបើកផ្តល់ប្រាក់ឧបត្ថម្ភជូនសិស្សានុសិស្សតាំងពីខែមករា ឆ្នាំ២០២៥ មក នេះ មិនត្រឹមតែចូលរួមចំណែក សម្រាលជីវភាពប៉ុណ្ណោះទេ ប៉ុន្តែបានចូលរួមវិនិយោគចំគោលដៅលើធនធានមនុស្ស យ៉ាងពិតប្រាកដ៕













