ពត៌មាន
រដ្ឋមន្ត្រីអប់រំ ជំរុញឱ្យ NIE ផ្សារភ្ជាប់ការបណ្តុះបណ្តាលនាយកសាលា និងគ្រូបង្រៀនទៅនឹងស្តង់ដាតេស្ត PISA
ចុះផ្សាយនៅថ្ងៃ៖ 30/09/2026 ~ 15 ម៉ោងមុន
•
នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់នៃវិទ្យាស្ថានជាតិអប់រំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់នៃវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាពិគ្រោះយោបល់ ថ្នាក់ដឹកនាំ និងក្រុមការងារនៃវិទ្យាស្ថានជាតិអប់រំ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ (NIE) ដែលសម្រេចបាននូវសមិទ្ធផលការងារជាច្រើននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យបន្តយកចិត្តទុកដាក់ថែរក្សាហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសិក្សាឱ្យបានល្អប្រសើរ ព្រមទាំងបានសង្កត់ធ្ងន់លើការពង្រឹងគុណភាពនៃវិធីសាស្ត្របង្រៀន ដោយបានលើកឡើងថា គោលដៅចម្បងរបស់វិទ្យាស្ថានគឺត្រូវធានាឱ្យបានថា គរុនិស្សិតដែលបញ្ចប់ការសិក្សា ពិតជាមានសមត្ថភាព និងចេះបង្រៀនសិស្សដោយពិតប្រាកដ។ ដូច្នេះវិទ្យាស្ថានត្រូវចុះពិនិត្យ និងដកស្រង់បទពិសោធផ្ទាល់ពីវិធីសាស្ត្របង្រៀននៅសាលារៀនជំនាន់ថ្មី ព្រមទាំងសិក្សាពីបណ្ដាប្រទេសជឿនលឿន និងវិទ្យាស្ថានជាតិអប់រំនៃប្រទេសដទៃ ដើម្បីរៀបចំចងក្រងជាសៀវភៅណែនាំច្បាស់លាស់ ស្ដីពីវិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធភាព ឆ្លើយតបនឹងបរិបទអប់រំកម្ពុជា ដោយផ្ដោតជាសំខាន់លើការអនុវត្តជាក់ស្ដែង ជៀសវាងការផ្ដោតលើទ្រឹស្តីច្រើន។
បន្ថែមពីលើនេះ ការបណ្ដុះបណ្ដាលនាយកសាលា និងគ្រូបង្រៀន ត្រូវតែផ្សារភ្ជាប់និងតម្រង់ទិសឆ្ពោះទៅរកស្ដង់ដាតេស្ត PISA ជាពិសេសលើមុខវិជ្ជាស្នូលរួមមាន៖ ភាសាខ្មែរ គណិតវិទ្យា និងវិទ្យាសាស្ត្រ ដោយត្រូវហ្វឹកហាត់លើការប្រើប្រាស់សំណួរបែបវិភាគ។ ដើម្បីសម្រេចកិច្ចការនេះបាន ក្រុមការងារ NIE ត្រូវតែសិក្សាស្រាវជ្រាវ និងស្វែងយល់ឱ្យបានស៊ីជម្រៅអំពីទម្រង់តេស្ត PISA នេះជាមុនសិន មុននឹងបន្តយកទៅបណ្ដុះបណ្ដាលដល់គរុនិស្សិត។ តាមរយៈការតម្រង់ទិសលើការអនុវត្តជាក់ស្ដែងទាំងនេះ ក្រសួងនឹងបន្តសហការគាំទ្រដើម្បីឱ្យវិទ្យាស្ថានជាតិអប់រំ បន្តបំពេញបេសកកម្មរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព ក្នុងនាមជាគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនជាន់ខ្ពស់ និងជាសសរទ្រូងនៃកំណែទម្រង់គុណភាពវិស័យអប់រំនៅកម្ពុជា៕


















