ពត៌មាន
ជូនដំណឹង! មន្ទីរពេទ្យភ្នែកតាកែវ ផ្ដល់ការព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ក្នុងឱកាសទិវាសុខភាពភ្នែកពិភពលោក
ចុះផ្សាយនៅថ្ងៃ៖ 05/10/2026 ~ 12 ម៉ោងមុន
•
មន្ទីរពេទ្យភ្នែកតាកែវ នឹងរៀបចំព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ៦០០នាក់ រយៈពេល ២ថ្ងៃ ក្នុងឱកាសទិវាសុខភាពភ្នែកពិភពលោកជាសកល ដែលតែងតែប្រារព្ធធ្វើឡើងនៅក្នុងខែតុលា សម្រាប់ឆ្នាំ២០២៦នេះ។
លោក តែ សេរីបុណ្យ ប្រធានមន្ទីរពេទ្យភ្នែកតាកែវ បានថ្លែងឲ្យដឹងថា ទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២៦ នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ស្រលាញ់ភ្នែករបស់អ្នក និងវ៉ែនតាមើលជិតជា ធ្វើឱ្យជីវិតកាន់តែប្រសើរ»។ មន្ទីរពេទ្យនឹងផ្តល់សេវាកម្មដោយឥតគិតថ្លៃ លើការពិនិត្យ ពិគ្រោះ ព្យាបាលជំងឺភ្នែក ចំនួន ៦០០នាក់ និងវះកាត់ចំនួន ១០០ករណី។
លោកប្រធានមន្ទីរពេទ្យភ្នែកតាកែវ ក៏បានបញ្ជាក់ផងដែរថា ការព្យាបាលជំងឺភ្នែក និងវះកាត់ជូនប្រជាពលរដ្ឋចំនួន ៦០០ នាក់នេះ គឺមិនមែនសម្រាប់តែប្រជាពលរដ្ឋខេត្តតាកែវនោះទេ គឺប្រជាពលរដ្ឋមកពីគ្រប់ខេត្តក្រុង ក៏អាចអញ្ជើញមកពិនិត្យ ព្យាបាល និងវះកាត់បានដែរ។ លោកវេជ្ជបណ្ឌិត តែ សេរីបុណ្យ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានជំងឺភ្នែក សូមអញ្ជើញមកពិនិត្យ ពិគ្រោះ និងព្យាបាល វះកាត់ឲ្យបានទាន់ពេលវេលា ជៀសវាងទុកឲ្យជំងឺធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល។
លោកវិជ្ជបណ្ឌិត នាង ម៉ៅ ប្រធានបច្ចេកទេសនៃមន្ទីរពេទ្យភ្នែកតាកែវ បានថ្លែងឲ្យដឹងថា នៅពេលដែលបងប្អូនមានអាយុ ៤០ ឆ្នាំឡើងទៅ គឺកើតវិបត្តិជំងឺមើលជិតមើលអក្សរមិនឃើញច្បាស់ ដែលទាមទារការប្រើប្រាស់វ៉ែនតា។ ដូច្នេះ លោកបានណែនាំឲ្យប្រជាពលរដ្ឋគួរតែនាំគ្នាពិនិត្យភ្នែកយ៉ាងហោចណាស់បានម្តងក្នុងមួយឆ្នាំ ព្រោះការពិនឹត្យភ្នែកគឺដូចគ្នានឹងការពិនឹត្យសុខភាពផ្នែកផ្សេងៗនៃរាងកាយយើងផងដែរ ដើម្បីរក្សាបាននូវចក្ខុវិញ្ញាណល្អប្រសើរ។
ព័ត៍មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ:
016 504 299 / 098 50 42 99
071 450 42 99 / 071 550 42 99
032 931 324 / 097 450 42 99
ដែលមានទីតាំង ស្ថិតនៅភូមិផ្សារតាកោរ ឃុំរការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ចំងាយ ៣០០ម៉ែត្រ ខាងត្បូងស្តុបអូរចំបក់សូម
ទីតាំង(map) ៖ https://maps.app.goo.gl/JC9Ey8FtMm3sj95AA ៕


















