ពត៌មាន
សិក្ខាសាលាស្ដីពី «ការអភិវឌ្ឍឯកសារជំនួយស្មារតីស្ដីពីវិធីសាស្ត្របង្រៀន និងរង្វាយតម្លៃកម្រិតបឋមសិក្សាតាមលំនាំតេស្តថ្នាក់តំបន់ SEA-PLM»
ចុះផ្សាយនៅថ្ងៃ៖ 16/10/2026 ~ 10 ម៉ោងមុន
•
ខេត្តកំពង់ចាម៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នាយកដ្ឋានអធិការកិច្ចគុណភាពអប់រំនៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពី «ការអភិវឌ្ឍឯកសារជំនួយស្មារតីស្ដីពីវិធីសាស្ត្របង្រៀន និងរង្វាយតម្លៃកម្រិតបឋមសិក្សាតាមលំនាំតេស្តថ្នាក់តំបន់ SEA-PLM» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហួ ឈុនគ្រី អគ្គាធិការនៃអគ្គាធិការដ្ឋានក្រសួងអប់រំ យុវជន និងកីឡា ដែលប្រព្រឹត្តទៅនៅសាលប្រជុំនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ក្រោមការគាំទ្រថវិការបស់គម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាន (BEIP)។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា, តំណាងការិយាល័យអធិការកិច្ចនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តចំនួន ១៣, នាយក នាយិកាល្អ និងគ្រូបង្រៀនល្អ មកពីសាលាបឋមសិក្សាចំនួន ២៥, តំណាងនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា នាយកដ្ឋានបឋមសិក្សា និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ សរុបប្រមាណ ១០២នាក់។
គោលបំណងសំខាន់ៗនៃសិក្ខាសាលារួមមាន៖
-បង្ហាញទិដ្ឋភាពទូទៅ៖ កំណត់បាននូវក្របខណ្ឌ និងលទ្ធផលចម្បងៗនៃតេស្តរង្វាយតម្លៃថ្នាក់តំបន់ SEA-PLM 2024
-ចងក្រងឯកសារជំនួយស្មារតី៖ រៀបចំឯកសារណែនាំស្ដីពីវិធីសាស្ត្របង្រៀនផ្អែកតាមលំនាំសំណួរតេស្ត SEA-PLM និងការបង្កើតវិញ្ញាសាប្រឡងប្រចាំខែថ្នាក់ទី៤ តាមលំនាំគំរូសំណួរតេស្ត
-រៀបចំផែនការសកម្មភាព៖ រៀបចំផែនការអនុវត្តជាក់ស្ដែងសម្រាប់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងការយកវិធីសាស្ត្របង្រៀន និងរង្វាយតម្លៃផ្អែកតាមតេស្ត SEA-PLM ទៅអនុវត្តនៅតាមសាលារៀន
-ពង្រឹងយន្តការបច្ចេកទេស៖ ណែនាំ និងពង្រឹងយន្តការបច្ចេកទេសដើម្បីជំរុញការអនុវត្តស្ដង់ដាសាលារៀនគំរូឱ្យមានប្រសិទ្ធភាពខ្ពស់
ការរៀបចំសិក្ខាសាលានេះ ជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពនៃការអប់រំកម្រិតបឋមសិក្សាឱ្យស្របតាមស្ដង់ដាតំបន់ និងឆ្លើយតបទៅនឹងការអភិវឌ្ឍសមត្ថភាពសិក្សារបស់សិស្សានុសិស្សកម្ពុជាឱ្យកាន់តែប្រសើរឡើង៕














