ពត៌មាន
ក្រុមនិស្សិត RUFA ឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួតប្រជែងរចនាស្ថាបត្យកម្មសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ
ចុះផ្សាយនៅថ្ងៃ៖ 27/10/2026 ~ 2 ម៉ោងមុន
•
ក្រុមនិស្សិតជំនាញស្ថាបត្យកម្ម និងនគរោបនីយវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (RUFA) បានឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរចនាស្ថាបត្យកម្មសម្រាប់មជ្ឈមណ្ឌលស្រាវជ្រាវជាតិបញ្ញាសិប្បនិម្មិតនិងវិទ្យាសាស្ត្រទិន្នន័យ “National AI & Data Science Research Centre” ជាមួយក្រុមនិស្សិតមកពីសាកលវិទ្យាល័យចំនួន៤ផ្សេងទៀត ខណៈក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុន ទទួលបានជ័យលាភីលេខ២ និងក្រុមនិស្សិតមកពីសាកលវិទ្យាល័យខេមតិច (CamTech University) ទទួលបានជ័យលាភីលេខ៣។
ក្រុមជ័យលាភីដឹកនាំនិងផ្តល់យោបល់ដោយសាស្ត្រាចារ្យ ឆ័យ ការណូ ហើយមានសមាជិកចំនួន ៥រូប រួមមាន ឈួន ច័ន្ទមល្លិកា, ប៉ិច ដួងច័ន្ទសុវណ្ណកែវតា, ស្រេង ច័ន្ទសុផារ័ត្ន, អ៉ឹង វិសុទ្ធធន និងអ៉ឹម តាណមុនី។
យោងតាមគេហទំព័រក្រសួងប្រៃសណីយ៍ ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជាតិនេះ គឺជាអាទិភាពសំខាន់មួយរបស់ ក.ប.ទ. ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតនៅកម្ពុជាតាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្រាវជ្រាវ និងបច្ចេកវិទ្យាចាំបាច់ ដើម្បីគាំទ្រដល់ការចាប់យក និងការអភិវឌ្ឍបញ្ញាសិប្បនិម្មិត។
សម្រាប់គម្រោងជ័យលាភីលេខ១ នេះ នឹងត្រូវដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ «FrancoTech» នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។ កញ្ញា ឈួន ច័ន្ទមល្លិកា បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពចំពោះលទ្ធផលដែលក្រុមទទួលបាន ព្រោះវាជាការទទួលស្គាល់ចំពោះការខិតខំប្រឹងប្រែង និងការសហការរបស់សមាជិកក្រុមទាំងអស់។ នេះគឺជាឱកាសដ៏មានតម្លៃមួយក្នុងការចែករំលែកគំនិត និងស្នាដៃរបស់និស្សិតខ្មែរជាមួយសាធារណជន។ កញ្ញា ឈួន ច័ន្ទមល្លិកា សង្ឃឹមថា ការតាំងបង្ហាញនេះ នឹងអាចជំរុញឱ្យមនុស្សកាន់តែចាប់អារម្មណ៍លើស្ថាបត្យកម្មដែលភ្ជាប់ជាមួយបច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព៕














