ពត៌មាន

ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបតម្រូវការវិស័យការងារ

ចុះផ្សាយនៅថ្ងៃ៖​​ 28/10/2026 ~ 5 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ក្រសួងការងារ និងដៃគូអភិវឌ្ឍន៍ រួមគ្នាពង្រឹងសមត្ថភាពគ្រូបង្គោល TVET លើអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបតម្រូវការវិស័យការងារ

នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាសហអធិបតី​ជាមួយលោក Reto Grüninger នាយកផ្នែកសហប្រតិបត្តិការនៃទីភ្នាក់ងារស្វ៊ីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ (SDC) ក្នុងពិធីបើក “វគ្គបណ្តុះបណ្តាលគ្រូបង្គោល TVET ស្តីពីការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ” ក្រោមកម្មវិធី “មុខរបរនិងការងារសមរម្យសម្រាប់យុវជននៅកម្ពុជា” ដំណាក់កាលទី៣ (DEY III)។ ពិធីនេះមានការចូលរួមពីលោក សុខ ណារិន តំណាងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ គ្រូបង្គោល និងសិក្ខាកាមជាច្រើនរូប។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់នេះ លោកជំទាវរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះ មានគោលបំណងពង្រឹងចំណេះដឹង និងជំនាញរបស់គ្រូបង្គោល និងគ្រូបង្រៀនផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម។ លោកជំទាវបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងគ្រឹះស្ថាន TVET និងសហគ្រាស ដើម្បីធានាថា ការបណ្តុះបណ្តាលផ្តល់នូវចំណេះដឹង និងជំនាញជាក់ស្តែងស្របតាមតម្រូវការទីផ្សារការងារ។

ក្នុងឱកាសនេះ លោក Reto Grüninger តំណាង SDC និងលោក សុខ ណារិន តំណាង UNIDO ​បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងលើកកម្ពស់ការអនុវត្តអនាម័យល្អ និងសុវត្ថិភាពចំណីអាហារ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់វិស័យឧស្សាហកម្ម និងទីផ្សារការងារ។ តំណាងទាំងពីរក៏បានបង្ហាញពីការបន្តគាំទ្រដល់ការអនុវត្តកម្មវិធី DEY III ជាពិសេសការពង្រឹងសមត្ថភាពគ្រូបង្គោល TVET ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និងការអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពប្រកួតប្រជែង ព្រមទាំងរួមចំណែកបង្កើនឱកាសការងារសមរម្យសម្រាប់យុវជនកម្ពុជា៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)