ពត៌មាន

ព័ត៌មានអាហារូបករណ៍៖ អាហារូបករណ៍ស្រាវជ្រាវនៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ចុះផ្សាយនៅថ្ងៃ៖​​ 20/11/2026 ~ 14 ម៉ោងមុន

អត្ថបទដោយ៖ Thonin Vann
ព័ត៌មានអាហារូបករណ៍៖ អាហារូបករណ៍ស្រាវជ្រាវនៅសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

វិទ្យាស្ថាន Italian Academy របស់សាកលវិទ្យាល័យ Columbia ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវលំដាប់អន្តរជាតិ និងមានជំនាញចម្រុះ បានប្រកាសបើកទទួលពាក្យពីនិស្សិតកម្ពុជាសម្រាប់កម្មវិធីអាហារូបករណ៍ស្រាវជ្រាវឆ្នាំសិក្សា ២០២៧-២០២៨។

អាហារូបករណ៍ដែល វិទ្យាស្ថាន Italian Academy នឹងផ្តល់ជូនដល់និស្សិត ផ្តោតលើវិស័យមួយចំនួនដូចខាងក្រោម៖
-អាហារូបករណ៍ Alexander Bodini Foundation Fellowship ចំនួន ១ កន្លែង លើផ្នែកចិត្តសាស្ត្រអភិវឌ្ឍន៍ និងចិត្តសាស្ត្រវ័យជំទង់។
-អាហារូបករណ៍ Alexander Bodini Foundation Fellowship ចំនួន ១ កន្លែង លើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងគំរូបច្ចេកវិទ្យា ដើម្បីរកឃើញជំងឺមហារីកលំពែងនៅដំណាក់កាលដំបូង។
-អាហារូបករណ៍ Sidney J. Weinberg Jr. Foundation Fellowship ចំនួនមិនលើសពី ២ កន្លែង លើផ្នែកប្រវត្តិសាស្ត្រស្ថាបត្យកម្ម និងការអភិរក្សសំណង់។

ក្រៅពីវិស័យដែលបានរៀបរាប់ខាងលើ វិទ្យាស្ថានក៏ទទួលយកសំណើស្រាវជ្រាវលើវិស័យផ្សេងៗទៀតផងដែរ។

លក្ខខណ្ឌបេក្ខជន

បេក្ខជនគ្រប់សញ្ជាតិអាចដាក់ពាក្យបាន ដោយអាចជាអ្នកស្រាវជ្រាវក្រោយបញ្ចប់ថ្នាក់បណ្ឌិត អ្នកសិក្សាស្រាវជ្រាវកម្រិតពាក់កណ្តាលអាជីព ឬអ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់។

អត្ថប្រយោជន៍អាហារូបករណ៍ ៖ អ្នកទទួលបានអាហារូបករណ៍នឹងទទួលបានប្រាក់បៀវត្សរ៍សម្រាប់ការងារពេញម៉ោង អត្ថប្រយោជន៍ធានារ៉ាប់រងសុខភាព និងការិយាល័យសម្រាប់ធ្វើការនៅក្នុងវិទ្យាស្ថាន Italian Academy នៃបរិវេណសាកលវិទ្យាល័យ Columbia។

ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ៖
-ប្រវត្តិរូបសង្ខេប (CV) ដែលមានបញ្ជីស្នាដៃបោះពុម្ពផ្សាយទាំងអស់
-ច្បាប់ចម្លងសញ្ញាបត្របណ្ឌិត (PhD)
-សំណើស្រាវជ្រាវដែលមានប្រវែងមិនលើសពី ១ ៣០០ ពាក្យ
-លិខិតណែនាំចំនួន ២ ច្បាប់ (អាចដាក់បន្ថែម ១ ច្បាប់ទៀតបាន ប្រសិនបើមាន)។

ចំណាំ៖ បេក្ខជនដែលធ្លាប់ទទួលបានអាហារូបករណ៍ពីវិទ្យាស្ថាន Italian Academy នេះពីមុន មិនមានសិទ្ធិដាក់ពាក្យឡើយ។

រយៈពេលទទួលអាហារូបករណ៍
បេក្ខជនអាចជ្រើសរើសរយៈពេលទទួលអាហារូបករណ៍មួយក្នុងចំណោម ៣ ជម្រើស៖

  1. ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។
  2. ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៨។
  3. ពេញមួយឆ្នាំសិក្សា (រយៈពេល ៧ខែកន្លះ)៖ ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៨។

ប្រាក់បៀវត្សរ៍ ៖ អ្នកទទួលបានអាហារូបករណ៍នឹងមានតួនាទីជាបុគ្គលិកស្រាវជ្រាវពេញម៉ោងរបស់សាកលវិទ្យាល័យ Columbia ដោយទទួលបានប្រាក់បៀវត្សរ៍ប្រចាំឆ្នាំយ៉ាងតិចចន្លោះពី ៧៤ ២៧៩ ដុល្លារ ដល់ ១០៤ ០៩៩ ដុល្លារអាមេរិក។

សម្រាប់ការដាក់ពាក្យ បេក្ខជនអាចចូលទៅកាន់៖ https://italianacademy.columbia.edu/content/fellowship-program ។

ផុតកំណត់ថ្ងៃទទួលពាក្យនៅ ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២៦៕

Credit : AMS Education

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)