ពត៌មាន

ក្រុងកំពតត្រៀមបង្អួតសម្រស់ថ្មីជាមួយរូបសំណាកបាតដៃកម្ពស់ ១២ម៉ែត្រ និងវិថីអាហារ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ចុះផ្សាយនៅថ្ងៃ៖​​ 17/03/2026

អត្ថបទដោយ៖ You Sokneang
ក្រុងកំពតត្រៀមបង្អួតសម្រស់ថ្មីជាមួយរូបសំណាកបាតដៃកម្ពស់ ១២ម៉ែត្រ និងវិថីអាហារ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារក្នុងក្រុងកំពត ដើម្បីជំរុញឱ្យការសាងសង់រួចរាល់តាមផែនការដែលបានកំណត់។ រូបសំណាកបាតដៃដែលមានកម្ពស់ ១២ម៉ែត្រ ស្ថិតនៅឆ្នេរខ្សាច់ព្រែកកំពង់បាយ នឹងក្លាយជាចំណុចទាក់ទាញថ្មីមួយសម្រាប់ភ្ញៀវទេសចរឡើងទៅទស្សនាទិដ្ឋភាពថ្ងៃលិច ជួរភ្នំបូកគោ និងថតរូបអនុស្សាវរីយ៍យ៉ាងស្រស់ស្អាត ខណៈដែលការសាងសង់សម្រេចបានប្រមាណ ៦០ភាគរយហើយ។

ទន្ទឹមនឹងនេះ គម្រោងវិថីអាហារនៅកណ្តាលក្រុងកំពត លើសួនច្បារផ្សារក្រណាត់ ក៏សម្រេចបានប្រមាណ ៩០ភាគរយផងដែរ។ អ្វីដែលពិសេសសម្រាប់វិថីអាហារនេះ គឺការរចនាតាមរចនាបថខ្មែរសុទ្ធសាធ ហើយអាជីវករដែលលក់ដូរនៅទីនោះតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញពីអត្តសញ្ញាណវប្បធម៌ជាតិដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)