ពត៌មាន
FM99
ចំនួនផ្សោតទន្លេមេគង្គ កើនឡើងដល់ ១១៧ បន្ទាប់ពីប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាលនៅអន្លង់ផ្សោតកាំពី ក្នុងស្រុកចិត្របុរី ខេត្តក្រចេះ
ចុះផ្សាយនៅថ្ងៃ៖ 03/04/2026
•អត្ថបទដោយ៖ Palem Phay

ចំនួនកូនផ្សោតនៅទន្លេមេគង្គ បន្តកើនឡើងដល់ ១១៧ក្បាល បន្ទាប់ពីកូនផ្សោតថ្មី ១ក្បាល ត្រូវប្រទះឃើញដោយក្រុមការងារស្រាវជ្រាវនៃអគ្គនាយកដ្ឋានជលផល ខណ្ឌរដ្ឋបាលជលផលក្រចេះ និងអង្គការ WWF កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

ការប្រទះឃើញនៅអន្លង់ផ្សោតកាំពី ភូមិកាពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ កូនផ្សោតថ្មីនេះ មានអាយុប្រមាណ៣ថ្ងៃ មានសុខភាពល្អ ស្ថិតនៅក្នុងក្រុមសត្វផ្សោតពេញវ័យប្រមាណ៥ក្បាលផ្សេងទៀត និងបណ្តើរដោយផ្សោតធំដែលមានលេខកូដសម្គាល់២១។ នេះជាកូនផ្សោតទី៥ ត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦។











