ពត៌មាន

សាកលវិទ្យាល័យ Anhui Jianzhu បន្តផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា តាមរយៈគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោយវាយតម្លៃខ្ពស់លើវិន័យ និងការខិតខំប្រឹងប្រែងសិក្សា

ចុះផ្សាយនៅថ្ងៃ៖​​ 02/06/2026

អត្ថបទដោយ៖ You Sokneang
សាកលវិទ្យាល័យ Anhui Jianzhu បន្តផ្តល់អាហារូបករណ៍ជូននិស្សិតកម្ពុជា តាមរយៈគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ក្រោយវាយតម្លៃខ្ពស់លើវិន័យ និងការខិតខំប្រឹងប្រែងសិក្សា

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សុខ សំអាង អនុប្រធានគណៈប្រតិភូ បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារ និងបាននាំយកលិខិតថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត ជូនចំពោះថ្នាក់ដឹកនាំ និងសហការីនៃសាកលវិទ្យាល័យ Anhui Jianzhu University នៅក្នុងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ ព្រមទាំងការគាំទ្រដ៏ល្អប្រសើរនាពេលកន្លងមក។

នៅក្នុងជំនួបពិភាក្សាការងារដ៏មានអត្ថន័យនោះ ថ្នាក់ដឹកនាំសាកលវិទ្យាល័យបានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការបន្តផ្តល់អាហារូបករណ៍ជូនដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សាខាងមុខជាបន្តទៀត។ ជាមួយគ្នានោះដែរ ថ្នាក់ដឹកនាំសាកលវិទ្យាល័យក៏បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះនិស្សិតអាហារូបករណ៍ អ.ម.ត ដែលកំពុងសិក្សានៅទីនោះថា ជានិស្សិតដែលមានវិន័យខ្ពស់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងតែងតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវប្បធម៌ ក៏ដូចជាកម្មវិធីផ្សេងៗរបស់សាកលវិទ្យាល័យ ដែលចំណុចទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីគុណភាព និងការជ្រើសរើសប្រកបដោយតម្លាភាពរបស់គណៈកម្មាធិការអាហារូបករណ៍ អ.ម.ត។

ជាការឆ្លើយតបវិញ ឯកឧត្តម សុខ សំអាង ក្នុងនាមគណៈកម្មាធិការអាហារូបករណ៍ អ.ម.ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យ ដែលតែងតែផ្តល់ឱកាស យកចិត្តទុកដាក់មើលថែទាំ ព្រមទាំងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់និស្សិតកម្ពុជាទាំងអស់។ ឯកឧត្តម ក៏បានគូសបញ្ជាក់បន្ថែមថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ គឺពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)