ពត៌មាន
កម្ពុជា ជាប់ឈ្មោះក្នុងបញ្ជីទេសចរណ៍ពិភពលោកល្អបំផុតនៅរដូវកាលបៃតង របស់ទស្សនាវដ្តីអង់គ្លេស Wanderlust
ចុះផ្សាយនៅថ្ងៃ៖ 27/05/2026
•
ប្រប្រទេសកម្ពុជា ត្រូវបានចាត់បញ្ចូលទៅក្នុងបញ្ជីទេសចរណ៍បៃតង «Travel Green List 2026» របស់ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញ Wanderlust នៃចក្រភពអង់គ្លេស ដោយបានក្លាយជាប្រទេសមួយក្នុងចំណោមគោលដៅទេសចរណ៍តែពីរគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមជាមួយប្រទេសហ្វីលីពីន ដែលទទួលបានការទទួលស្គាល់ក្នុងបញ្ជីដ៏មានកិត្យានុភាពនេះ។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាលទេសចរណ៍កម្ពុជា (CTB) បានឱ្យដឹងថា ការជ្រើសរើសប្រចាំឆ្នាំនេះ គឺដើម្បីលើកកម្ពស់គោលដៅទេសចរណ៍នានានៅជុំវិញពិភពលោក ដែលកំពុងបង្កើតស្តង់ដារខ្ពស់សម្រាប់ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។
នៅក្នុងបញ្ជីទេសចរណ៍បៃតងនេះ «ការបោះជំរុំតង់ភ្នំក្រវ៉ាញ» (Cardamom Tented Camp) នៅក្នុងឧទ្យានជាតិបទុមសាគរ ប្រទេសកម្ពុជា បានលេចធ្លោជាស្តង់ដារគំរូក្នុងតំបន់សម្រាប់បដិសណ្ឋារកិច្ចបែបអភិរក្ស។ ដោយស្ថិតនៅជើងភ្នំក្រវ៉ាញ ជំរុំនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សបរិស្ថានរយៈពេលវែង តាមរយៈគំរូទេសចរណ៍ដែលមានផលប៉ះពាល់ទាប (low-impact tourism model) ដោយថវិកាបានជួយគាំទ្រផ្ទាល់ដល់ការល្បាតរបស់មន្ត្រីឧទ្យានុរក្ស ក្នុងការការពារព្រៃទឹកភ្លៀងជុំវិញ ព្រមទាំងផ្តល់ជូនអ្នកធ្វើដំណើរនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍តាមរយៈផ្លូវទឹក និងផ្លូវដើរក្នុងព្រៃ នៅទូទាំងតំបន់អភិរក្សដ៏ធំទូលាយទំហំ ១,៨០០ គីឡូម៉ែត្រការ៉េ។

ការទទួលបានការទទួលស្គាល់ជាសកលនេះ បានកើតឡើងចំពេលដ៏ល្អបំផុត ដែលស្របពេលគ្នាទៅនឹងយុទ្ធនាការរដូវកាលបៃតង (Green Season) របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕









