ពត៌មាន
«តេក្វាន់ដូនិម្មិត» អាចនឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងព្រឹត្តិការណ៍ Asian Games 2026 នៅជប៉ុន🥋
ចុះផ្សាយនៅថ្ងៃ៖ 25/05/2026 ~ 9 ម៉ោងមុន
•
ព្រឹត្តិការណ៍ Aichi Nagoya Asian Games 2026 នៅប្រទេសជប៉ុន អាចនឹងបង្កើតប្រវត្តិសាស្ត្រថ្មីមួយ បន្ទាប់ពី «Virtual Taekwondo» ឬ តេក្វាន់ដូនិម្មិត កំពុងត្រូវបានពិភាក្សាយ៉ាងសកម្មដើម្បីដាក់បញ្ចូលជាវិញ្ញាសាប្រកួតផ្លូវការ។ សហព័ន្ធកីឡាតេក្វាន់ដូពិភពលោកបានឱ្យដឹងថា ការសម្រេចចិត្តចុងក្រោយនឹងត្រូវធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនាខែក្រោយនេះ។
កីឡាបែបថ្មីនេះ គឺជាការលាយបញ្ចូលគ្នារវាងក្បាច់គុនតេក្វាន់ដូ និងបច្ចេកវិទ្យា VR (Virtual Reality) ដ៏ទំនើប។ អត្តពលិកមិនប្រយុទ្ធប៉ះគ្នាផ្ទាល់ទេ ប៉ុន្តែពាក់វ៉ែនតា VR និងឧបករណ៍ចាប់ចលនា ដើម្បីបញ្ជាតួអង្គនៅលើអេក្រង់ឱ្យប្រយុទ្ធគ្នា ក្នុងទម្រង់ប្រកួតឈ្នះ ២ ក្នុងចំណោម ៣ ទឹក។
អ្វីដែលធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំងនោះគឺ វិញ្ញាសានេះបានលុបបំបាត់របាំងផ្នែកភេទ និងអាយុ ដោយអនុញ្ញាតឱ្យបុរស និងនារីអាចប្រកួតជាមួយគ្នាបាន (Mixed-Gender) ព្រោះវាផ្អែកលើបច្ចេកវិទ្យា និងភាពរហ័សរហួននៃចលនា។











