ពត៌មាន

អប់រំ

រដ្ឋមន្ត្រីក្រសួងអប់រំលើកទឹកចិត្តសិស្សថ្នាក់ទី១២ ត្រៀមប្រឡងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព

ចុះផ្សាយនៅថ្ងៃ៖​​ 08/06/2026

អត្ថបទដោយ៖ You Sokneang
រដ្ឋមន្ត្រីក្រសួងអប់រំលើកទឹកចិត្តសិស្សថ្នាក់ទី១២ ត្រៀមប្រឡងទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីលទ្ធភាព

ស្របពេលដែលសម័យប្រឡងបាក់ឌុបកាន់តែខិតជិតចូលមកដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ការលើកទឹកចិត្តយ៉ាងកក់ក្តៅដល់បេក្ខជនទាំងអស់ ឱ្យបញ្ចេញឱ្យអស់ពីសមត្ថភាពក្នុងការក្រេបជញ្ជក់ចំណេះដឹង ដោយត្រូវយកចិត្តទុកដាក់អាន និងដុសខាត់សមត្ថភាពបន្ថែមតាមរយៈសៀវភៅសង្ខេបមេរៀនថ្នាក់ទី១២ ដែលក្រសួងបានចែកជូន ព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពឱ្យបានមាំទាំ ដើម្បីឆ្ពោះទៅដណ្តើមលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អៗ ដែលជាឱកាសមាសក្នុងការទទួលបានអាហារូបករណ៍ចូលសិក្សាមុខជំនាញក្នុងក្តីស្រមៃនៅតាមគ្រឹះស្ថានឧត្តមសិក្សានានាក្នុងរាជធានីភ្នំពេញ។

ការថ្លែងបែបនេះបានធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តមអញ្ជើញចុះជួបសំណេះសំណាល និងចែកឯកសារជំនួយស្មារតីដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន កងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៦ ក្នុងគោលបំណងវាយតម្លៃពីស្ថានភាពទូទៅរបស់សាលា ពិនិត្យមើលការត្រៀមខ្លួនរបស់សិស្ស ព្រមទាំងស្វែងយល់ពីតម្រូវការ និងអារម្មណ៍ពិតរបស់ពួកគេ ព្រមទាំងបានចែករំលែកនូវយុទ្ធសាស្ត្ររៀនសូត្រសំខាន់ៗមួយចំនួនផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នៅពេលដែលសិស្សានុសិស្សកំពុងតែប្រឹងប្រែង លោកគ្រូ-អ្នកគ្រូ រួមទាំងថ្នាក់ដឹកនាំក្រសួង ក៏ត្រូវតែបង្កើនការយកចិត្តទុកដាក់ និងផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយ ដើម្បីធានាថាការលះបង់ និងការតស៊ូរៀនសូត្រជាច្រើនឆ្នាំរបស់ពួកគេ ទទួលបានផ្លែផ្កាត្រឡប់មកវិញយ៉ាងគាប់ប្រសើរ។

បន្ថែមពីលើនេះ ក្នុងនាមតំណាងឱ្យក្រសួងសាមី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងចំពោះគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ អាណាព្យាបាល និងសហគមន៍ទាំងមូល ដែលបានរួមដៃគ្នាយ៉ាងសកម្មក្នុងការកែប្រែមុខមាត់វិទ្យាល័យ ហ៊ុន សែន កងតាណឹង រហូតក្លាយជាគ្រឹះស្ថានសិក្សាគំរូ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដោយឯកឧត្តមបានបញ្ជាក់ថា ភាពជោគជ័យដ៏ត្រចះត្រចង់នេះ គឺបានមកពីការវិនិយោគចំគោលដៅលើការអភិវឌ្ឍសាលារៀន ការអនុវត្តយុទ្ធសាស្ត្រអប់រំចំទិសដៅ និងការចូលរួមគាំទ្រយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសិស្សានុសិស្សផ្ទាល់ផងដែរ។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)