ពត៌មាន
អប់រំ
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ដាស់តឿនសិស្សថ្នាក់ទី១២ ឱ្យខិតខំស្វ័យសិក្សា និងប្រគល់កម្រងសៀវភៅវិញ្ញាសា ត្រៀមប្រឡងបាក់ឌុបឱ្យទទួលបានលទ្ធផលល្អ
ចុះផ្សាយនៅថ្ងៃ៖ 11/06/2026
•
នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងផ្តល់កម្រងសៀវភៅវិញ្ញាសាត្រៀមប្រឡងបាក់ឌុប ដល់សិស្សានុសិស្សនៃខេត្តព្រះវិហារ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៊ីម ត្បែងមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកគ្រូ អ្នកគ្រូ និងអាជ្ញាធរដែនដី ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅតាមតំបន់ព្រំដែន ទោះបីជាត្រូវប្រឈមនឹងការលំបាកនាពេលកន្លងមកក៏ដោយ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ការសិក្សារបស់សិស្សានុសិស្សគឺមិនត្រូវខកខានឡើយ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។


ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានដាស់តឿនក្រើនរំលឹកដល់សិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការធ្វើស្វ័យសិក្សា និងប្រើប្រាស់កម្រងសៀវភៅវិញ្ញាសាដែលក្រសួងបានផ្តល់ជូន យកទៅហាត់អនុវត្តពង្រឹងសមត្ថភាព ដើម្បីទទួលបានលទ្ធផលជោគជ័យ និងដណ្តើមបាននិទ្ទេសល្អៗ ក្នុងការប្រឡងបាក់ឌុបនាពេលខាងមុខ ក្នុងនាមជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
ជាចុងក្រោយ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានផ្តល់ជូនសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់គណៈគ្រប់គ្រងសាលា ព្រមទាំងសិស្សានុសិស្សដែលរងផលប៉ះពាល់ដោយសារការភៀសសឹកផងដែរ។









