ពត៌មាន
ទឹកចិត្តដ៏ស្មោះត្រង់របស់ជនជាតិខ្មែរឆក់យកបេះដូង YouTuber កូរ៉េល្បីឈ្មោះម្នាក់ បន្ទាប់ពីរើសបានកាបូបលុយ ៤០០ ដុល្លារ ប្រគល់ជូនម្ចាស់វិញ
ចុះផ្សាយនៅថ្ងៃ៖ 30/06/2026
•
នៅក្នុងវីដេអូភាគថ្មីស្តីពីការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា លោក Heechul ដែលជា YouTuber ជនជាតិកូរ៉េដ៏ល្បីល្បាញម្នាក់ មានអ្នកតាមដានជាង ១,២ លាននាក់នៅលើឆានែល «Heechulism» បានសម្តែងការកោតសរសើរមិនដាច់ពីមាត់ ចំពោះទឹកចិត្តដ៏បរិសុទ្ធ និងភាពស្មោះត្រង់របស់ប្រជាជនកម្ពុជា ។
លោក Heechul គឺជាអ្នកផលិតមាតិកាធ្វើដំណើរ ដ៏មានឥទ្ធិពលម្នាក់នៅកូរ៉េខាងត្បូង ដែលតែងតែធ្វើដំណើរទៅកាន់ប្រទេសផ្សេងៗជុំវិញពិភពលោក ដើម្បីស្វែងរកទិដ្ឋភាពពិតនៃជីវភាពរស់នៅ និងវប្បធម៌របស់ប្រជាជនក្នុងតំបន់។
ព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបមួយបានកើតឡើង បន្ទាប់ពីលោកបានភ្លេចកាបូបលុយដែលមានសាច់ប្រាក់ប្រហែល ៤០០ ដុល្លារអាមេរិកនៅលើរថយន្តតាក់ស៊ី ។ លោក Heechul បានរៀបរាប់ថា៖ «ខ្ញុំបានផ្ញើសារទៅកាន់អ្នកបើកបរតាមរយៈកម្មវិធី Grab ថាខ្ញុំបានភ្លេចកាបូបលុយ។ គាត់ក៏បានឆ្លើយតបមកវិញភ្លាមៗថាពិតជាមានមែន។ ខ្ញុំពិតជាសំណាងណាស់ដែលបានជួបអ្នកបើកបរដ៏ល្អម្នាក់នេះ»។
ដើម្បីជាការថ្លែងអំណរគុណដល់ទឹកចិត្តដ៏ល្អរបស់អ្នកបើកបរដែលកំពុងប្រញាប់រូបនោះ លោក Heechul បានជូនលុយឧបត្ថម្ភចំនួន ១០០ ដុល្លារជាការលើកទឹកចិត្តផងដែរ ។ វីដេអូមួយនេះបានបង្ហាញពិភពលោកឱ្យឃើញពីទិដ្ឋភាពពិត និងភាពកក់ក្តៅរបស់ប្រជាជនខ្មែរ ដែលផ្ទុយស្រឡះពីព័ត៌មានអវិជ្ជមានមួយចំនួនដែលបានផ្សព្វផ្សាយនៅលើបណ្តាញសារព័ត៌មានពីមុនមក។









