ពត៌មាន

អ្វីទៅជា «Jellyfish Drone»?

ចុះផ្សាយនៅថ្ងៃ៖​​ 26/06/2026

អត្ថបទដោយ៖ You Sokneang
អ្វីទៅជា «Jellyfish Drone»?

ដ្រូនទម្រង់ Jellyfish (ខ្ញែសមុទ្រ) គឺជាបច្ចេកវិទ្យាដ្រូនដ៏ទំនើប (Swarm Drone) ដែលក្រុមដ្រូនតូចៗភ្ជាប់បណ្តាញទំនាក់ទំនងជាមួយដ្រូនធំៗ ធ្វើចលនារួមគ្នាដូចវត្ថុតែមួយ ដោយដ្រូនតូចៗព្យួរនៅផ្នែកខាងក្រោមមើលទៅដូចជាជើងខ្ញែសមុទ្រ។ ប្រព័ន្ធនេះប្រើប្រព័ន្ធទំនាក់ទំនងសំណាញ់ (Meshed Network) ដែលអនុញ្ញាតឱ្យពួកវាចែករំលែកទិន្នន័យ និងវាយលុកដោយស្វ័យប្រវត្តិ។ ដ្រូនទម្រង់ Jellyfish មានលក្ខណៈលេចធ្លោដូចខាងក្រោម៖

បច្ចេកវិទ្យាឆ្លាតវៃ: ដ្រូនទាំងអស់ដំណើរការប្រៀបបាននឹងសត្វមួយហ្វូង ដោយដ្រូនតូចៗនៅខាងក្រោមដើរតួជាកោសិកា ឬអាវុធគាំទ្រ។

ប្រៀបបានដូចវាលមីនលើអាកាស: ការហោះហើរជាក្រុមស្អិតរមួត និងភ្ជាប់បណ្តាញគ្នាបង្កើតបានជាទម្រង់ស្ទាក់ចាប់មួយ ដែលអ្នកជំនាញយោធាប្រៀបធៀបវាទៅនឹង «វាលមីនលើអាកាស»។

ភាពធន់ខ្ពស់: ដោយសារពួកវាបញ្ជាដោយបណ្តាញសំណាញ់ (One-to-many Meshed Networking) ប្រសិនបើដ្រូនណាមួយត្រូវបានបាញ់ធ្លាក់ នោះដ្រូនផ្សេងទៀតនឹងដំណើរការបន្តបេសកកម្មដោយស្វ័យប្រវត្តិ ដោយមិនធ្វើឱ្យប្រព័ន្ធទាំងមូលដួលរលំឡើយ។

ជាទូទៅការធ្វើសង្គ្រាមត្រូវបានកំណត់ដោយគំនិតថា ប្រទេសដែលមាន យោធាធំជាង ទំនើបជាង និងមានតម្លៃខ្ពស់ជាង គឺតែងតែមានប្រៀបលើសមរភូមិ។ យន្តហោះចម្បាំង នាវាផ្ទុកយន្តហោះ និងរថក្រោះទំនើបៗ ត្រូវបានចាត់ទុកថាជានិមិត្តរូបនៃអំណាចយោធា។
ប៉ុន្តែ សង្គ្រាមនៅអ៊ុយក្រែន មជ្ឈិមបូព៌ា និងសមរភូមិទំនើបផ្សេងៗ ក្នុងសតវត្សទី២១នេះ កំពុងបង្ហាញថា អនាគតនៃសង្គ្រាមអាចស្ថិតនៅលើបណ្តាញនៃប្រព័ន្ធគ្មានមនុស្សបើក ឬដ្រូន ដែលអាចសហការ សម្របសម្រួល និងធ្វើសេចក្តីសម្រេចរួមគ្នាដោយស្វ័យប្រវត្តិ។ អ្នកវិភាគយោធាជាច្រើនបានកត់សម្គាល់ថា Drone Swarm ឬ «ហ្វូងដ្រូន» អាចផ្លាស់ប្តូរច្បាប់នៃសង្គ្រាម ដូចដែលរថក្រោះ និងយន្តហោះចម្បាំងធ្លាប់បានធ្វើនៅក្នុងសតវត្សមុនដែរ។

អតីតអគ្គមេបញ្ជាការកងទ័ពអាកាសអាមេរិក លោក David Deptula ធ្លាប់បានលើកឡើងថា៖ «អនាគតនៃសង្គ្រាម កាន់តែផ្អែកលើបណ្តាញទំនាក់ទំនង និងការតភ្ជាប់គ្នា ជាជាងការប្រើ សង្គ្រាមដែលផ្អែកលើវេទិកាយោធាធំៗដែលមានអាវុធទំនើបហើយថ្លៃ» (“The future of warfare is increasingly about networks rather than individual platforms.”)
សមរភូមិនាពេលអនាគតប្រហែលនឹងមិនត្រូវបានកំណត់ដោយចំនួនយន្តហោះចម្បាំង ឬនាវាចម្បាំងដែលប្រទេសមួយមានទៀតទេ ប៉ុន្តែនឹងត្រូវកំណត់ដោយសមត្ថភាពក្នុងការបង្កើត បញ្ជា និងសម្របសម្រួលហ្វូងប្រព័ន្ធដ្រូនដែលអាចគិត និងប្រតិបត្តិការជាក្រុមដោយស្វ័យប្រវត្តិ៕

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)