ពត៌មាន
បេក្ខជន ១០៧នាក់ ត្រូវបានជ្រើសរើសឱ្យប្រឡងប្រកួតប្រជែង ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញផ្កាយរណប និងលំហអាកាស នៅក្រៅប្រទេស
ចុះផ្សាយនៅថ្ងៃ៖ 23/06/2026
•
ភ្នំពេញ៖ ដំណើរការជ្រើសរើសនិស្សិតឆ្នើម ដើម្បីចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស (Satellite and Space Technology) ទៅសិក្សានៅក្រៅប្រទេស សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ បានឈានដល់ដំណាក់កាលថ្មីមួយទៀតហើយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់សិស្សនិស្សិត ដោយមានអ្នកដាក់ពាក្យសរុបរហូតដល់ ២៥០នាក់។
បន្ទាប់ពីការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់តាមលក្ខខណ្ឌកំណត់រួចមក គណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនឆ្នើមចំនួន ១០៧នាក់ ឱ្យឆ្លងទៅកាន់ដំណាក់កាលប្រឡងប្រកួតប្រជែង ដែលបានរៀបចំឡើងនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) លើមុខវិជ្ជាសំខាន់ៗរួមមាន៖ គណិតវិទ្យា រូបវិទ្យា តក្កវិទ្យា និងភាសាអង់គ្លេស។ ចំពោះកាលបរិច្ឆេទជាក់លាក់ គណៈកម្មការបានផ្ញើជូនបេក្ខជនម្នាក់ៗផ្ទាល់តាមរយៈអ៊ីមែលរួចរាល់ហើយ។ ក្រោយបញ្ចប់ការប្រឡងសំណេរនេះ បេក្ខជនដែលទទួលបានពិន្ទុខ្ពស់នឹងត្រូវបន្តទៅកាន់ដំណាក់កាលសម្ភាសផ្ទាល់មាត់ជាមួយគណៈកម្មការជំនាញ មុននឹងឈានទៅដល់ការប្រកាសលទ្ធផលជាផ្លូវការចុងក្រោយ។
កម្មវិធីអាហារូបករណ៍ពិសេសនេះ គឺជាជំហានគន្លឹះដ៏សំខាន់មួយនៃការអភិវឌ្ឍធនធានមនុស្សកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យាផ្កាយរណប និងលំហអាកាស ដែលជាវិស័យថ្មី និងទំនើបបំផុត ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានពេញលេញសម្រាប់អនាគតឌីជីថល និងការរីកចម្រើនរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។ សូមជូនពរដល់បេក្ខជនទាំងអស់ទទួលបានជោគជ័យក្នុងការប្រឡង!














