ពត៌មាន

គណៈប្រតិភូមហាសន្និបាតកាយឫទ្ធិនារីពិភពលោក បង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត

ចុះផ្សាយនៅថ្ងៃ៖​​ 17/06/2026

អត្ថបទដោយ៖ You Sokneang
គណៈប្រតិភូមហាសន្និបាតកាយឫទ្ធិនារីពិភពលោក បង្ហាញការភ្ញាក់ផ្អើល និងកោតសរសើរមិនដាច់ពីមាត់ពីភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត

គណៈប្រតិភូចម្រុះជាតិសាសន៍ដែលបានអញ្ជើញមកចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគម The Olave Baden-Powell Society (OB-PS) លើកទី៤២ នៅក្នុងខេត្តសៀមរាប បានបង្ហាញនូវអារម្មណ៍ភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំងមិនដាច់ពីមាត់ ចំពោះសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យនៃប្រាសាទអង្គរវត្តរបស់កម្ពុជា ក្នុងឱកាសចូលរួមកម្មវិធី «បេសកកម្មស្វែងរកទីតាំង» (Location-Finding Mission)។ ក្នុងនោះដែរ ប្រតិភូជាច្រើនបានបង្ហើបថា ពួកគាត់មិនធ្លាប់បានមកទស្សនាដោយផ្ទាល់ភ្នែកពីមុនមកនោះឡើយ។

ទិដ្ឋភាពដ៏រំភើបញាប់ញ័រនៅក្នុងដំណើរផ្សងព្រេងនៃកម្មវិធី «បេសកកម្មស្វែងរកទីតាំង» នេះ ក្រុមការងារនីមួយៗបានចូលរួមប្រណាំងប្រជែងគ្នាដើម្បីស្វែងរកបណ្ណាល័យបុរាណ ដែលជាអគារថ្មភក់ភ្លោះតំណាងឱ្យចំណេះដឹង និងសន្តិភាព ព្រមទាំងចូលរួមស្វែងយល់ពីអាថ៌កំបាំងនៃ «បន្ទប់គក់ទ្រូង» (Echo Chamber) ដែលសំឡេងរំញ័រនៃការគក់ទ្រូងក្នុងបន្ទប់នោះ ជានិមិត្តរូបតំណាងឱ្យការតភ្ជាប់ផ្លូវចិត្តដ៏ពិសិដ្ឋ។ បន្ថែមលើនេះ គណៈប្រតិភូក៏បានទស្សនា និងសិក្សាពីផ្ទាំងចម្លាក់បុរាណដ៏ល្បីល្បាញ «ការកូរសមុទ្រទឹកដោះ» ដែលបង្ហាញពីតុល្យភាព និងស្មារតីសាមគ្គីភាព ជាមួយនឹងការជូនដំណើរ និងការបកស្រាយពន្យល់ពីសិល្បៈចម្លាក់បុរាណនៅលើជញ្ជាំងប្រាសាទយ៉ាងក្បោះក្បាយ និងលម្អិតពីសំណាក់មគ្គុទេសក៍ជំនាញរបស់កម្ពុជា។

នៅក្នុងកំឡុងពេលចូលទស្សនាប្រាសាទអង្គរវត្តដ៏ល្បីល្បាញរន្ធឺពាសពេញសកលលោកនេះ ក្រុមប្រតិភូជនជាតិបរទេសបានលើកឡើងថា ពួកគេពិតជាទទួលបាននូវភាពកក់ក្ដៅ និងការធ្វើបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់បំផុតតាំងពីបានឈានជើងចូលដល់ទឹកដីនៃប្រទេសកម្ពុជា។ ការទទួលស្វាគមន៍ប្រកបដោយភាពស្និទ្ធស្នាលនេះ គឺធ្វើឡើងដោយផ្ទាល់ពីសំណាក់ថ្នាក់ដឹកនាំសមាគមកាយឫទ្ធិនារីកម្ពុជា ចាប់តាំងពីព្រលានយន្តហោះ រហូតដល់កន្លែងស្នាក់នៅយ៉ាងកក់ក្តៅ។ ជាមួយគ្នានេះ គណៈប្រតិភូទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះឡើង ដែលធ្វើឲ្យពួកគេមានឱកាសបានស្គាល់ និងមកដល់ប្រាសាទអង្គរវត្ត។ នេះមិនមែនគ្រាន់តែជាកម្មវិធីកម្សាន្តបង្កើតភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាដំណើរដ៏មានអត្ថន័យ និងជាឱកាសមាសក្នុងការបង្ហាញទៅកាន់ពិភពលោក ពីសាមគ្គីភាព តុល្យភាព ព្រមទាំងការតភ្ជាប់ផ្លូវចិត្តយ៉ាងជ្រាលជ្រៅតាមរយៈមរតកវប្បធម៌ដូនតាខ្មែរ។

សូមរំលឹកថា មហាសន្និបាតកាយឫទ្ធិនារីពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្ដើមប្រារព្ធឡើងពីថ្ងៃទី១៤ ដល់ទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីបណ្ដាប្រទេសជាង ១០០ មកពីតំបន់ទាំង៥ លើពិភពលោក និងមានអ្នកចូលរួមសរុបជាង ៦០០នាក់។ ព្រឹត្តិការណ៍ដ៏ធំធេងនេះ គឺជាវេទិកាកំពូល និងជាអង្គភាពសម្រេចចិត្តខ្ពស់បំផុតរបស់សមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts-WAGGGS) ដែលត្រូវបានរៀបចំឡើងរៀងរាល់ ៣ឆ្នាំម្ដង។ មហាសន្និបាតនេះ គឺជាការប្រមូលផ្ដុំថ្នាក់ដឹកនាំ និងប្រតិភូជាន់ខ្ពស់ពីបណ្ដាប្រទេសជុំវិញពិភពលោក ដើម្បីរួមគ្នាពិភាក្សា ពិនិត្យ និងអនុម័តគោលនយោបាយសំខាន់ៗ កំណត់ទិសដៅយុទ្ធសាស្ត្រ ព្រមទាំងពង្រឹងបណ្ដាញសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការអភិវឌ្ឍចលនាកាយឫទ្ធិនារី និងការផ្ដល់អំណាចដល់កុមារី និងយុវតីនៅទូទាំងសកលលោក។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)