ពត៌មាន
លោក ទីវ តារារិទ្ធិ វិលត្រឡប់មកមាតុភូមិវិញហើយ ក្រោយបញ្ចប់បេសកកម្មជិះកង់ឆ្លងកាត់ ៣ទ្វីប រយៈពេល ២ឆ្នាំ ដើម្បីកុមារកម្ពុជា!
ចុះផ្សាយនៅថ្ងៃ៖ 23/06/2026
•

ភ្នំពេញ៖ បន្ទាប់ពីចំណាយពេលអស់រយៈពេល ២ឆ្នាំពេញ ក្នុងការរស់នៅបែបផ្សងព្រេង និងជិះកង់តែម្នាក់ឯងកាត់ឧបសគ្គរាប់ម៉ឺនជំពូក ឆ្លងកាត់ ៣ទ្វីប (អាស៊ី អឺរ៉ុប និងអាហ្វ្រិក) ក្នុងចម្ងាយផ្លូវប្រមាណ ៥៦,០០០ គីឡូម៉ែត្រ និងឆ្លងកាត់ ៤០ ប្រទេស វីរជនកុមារកម្ពុជា លោក ទីវ តារារិទ្ធិ បានធ្វើដំណើរមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាវិញហើយ កាលពីយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៦ នេះ ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមគ្រួសារ និងមិត្តភក្តិ។
នៅក្នុងបេសកកម្មមនុស្សធម៌ដ៏អស្ចារ្យ «CYCLING FOR CHILDREN» ដែលបានចាប់ផ្ដើមចេញដំណើរតាំងពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ មក លោកអាចរៃអង្គាសថវិកាបានប្រមាណ ២២ ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា។ ទោះជាយ៉ាងណាក៏ដោយ គោលដៅទឹកប្រាក់ ២៥ ម៉ឺនដុល្លារ នៅខ្វះប្រមាណ ៣ ម៉ឺនដុល្លារទៀតទើបគ្រប់ចំនួន។ លោកបានអំពាវនាវដល់មហាជន ចូលរួមគាំទ្រ និងបរិច្ចាគបន្ថែមតាមលទ្ធភាព ដើម្បីជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ចំពោះការងារបន្តបន្ទាប់របស់លោក ទីវ តារារិទ្ធិ ក្រោយមកដល់មាតុភូមិវិញ រួមមានការផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មាន, ត្រៀមជិះកង់ពីភ្នំពេញទៅសៀមរាបដើម្បីបិទកម្មវិធីសប្បុរសធម៌ជាផ្លូវការ, ផលិតខ្សែភាពយន្តឯកសារខ្លី និងចងក្រងសៀវភៅដែលមានចំណងជើងថា “២ ឆ្នាំជាមួយកង់ TWO YEARS ON A BIKE”។










