ពត៌មាន

សាលាតិចណូ សន្យាថា នឹង​បន្តចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះករណីក្លែងបន្លំសញ្ញាបត្រ ដើម្បីការពារប្រយោជន៍​និស្សិត និងអតីតនិស្សិត។

ចុះផ្សាយនៅថ្ងៃ៖​​ 24/06/2026 ~ 21 ម៉ោងមុន

អត្ថបទដោយ៖ You Sokneang
សាលាតិចណូ សន្យាថា នឹង​បន្តចាត់វិធានការតាមនីតិវិធីច្បាប់ ចំពោះករណីក្លែងបន្លំសញ្ញាបត្រ ដើម្បីការពារប្រយោជន៍​និស្សិត និងអតីតនិស្សិត។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីជម្រាបជូនសាធារណជនឱ្យបានជ្រាបថា បន្ទាប់ពីវិទ្យាស្ថានបានចេញសេចក្តីបដិសេធកន្លងមក ពាក់ព័ន្ធនឹងការបន្លំឯកសារមិនទទួលស្គាល់សញ្ញាបត្ររបស់ឈ្មោះ ណាន សីហា កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ រួចមក វិទ្យាស្ថានសង្កេតឃើញថា សាធារណជននៅតែបន្តមានការចាប់អារម្មណ៍ និងយកចិត្តទុកដាក់ចំពោះករណីនេះយ៉ាងខ្លាំង។ ដើម្បីឆ្លើយតប និងបញ្ជាក់ជូនសាធារណជន វិទ្យាស្ថានបានសង្កត់ធ្ងន់ថា ខ្លួនតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុចរិតភាព កេរ្តិ៍ឈ្មោះ គុណភាព និងភាពជឿទុកចិត្តនៃសញ្ញាបត្រទាំងអស់ដែលចេញដោយវិទ្យាស្ថាន។

ចំពោះករណីក្លែងបន្លំនេះ វិទ្យាស្ថានបាន និងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមនីតិវិធីផ្ទៃក្នុង និងតាមផ្លូវច្បាប់ រួមមាន ការពិនិត្យផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធជាមួយកំណត់ត្រាផ្លូវការ និងប្រព័ន្ធទិន្នន័យ ការចេញលិខិតបដិសេធមិនទទួលស្គាល់សញ្ញាបត្ររបស់បុគ្គលឈ្មោះ ណាន សីហា ព្រមទាំងការប្រមូលចងក្រង និងរក្សាទុកឯកសារព័ត៌មាន និងភស្តុតាងនានាសម្រាប់គោលបំណងនីតិវិធីច្បាប់។ បន្ថែមលើនេះ វិទ្យាស្ថានក៏បានបង្កើតក្រុមការងារ ដែលបាននិងបន្តសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់ សំដៅការពារប្រយោជន៍ស្របច្បាប់របស់វិទ្យាស្ថាន និស្សិត អតីតនិស្សិត និយោជក និងសាធារណជនផងដែរ។ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជនដែលបានយកចិត្តទុកដាក់ និងចូលរួមចំណែកក្នុងការទប់ស្កាត់ការក្លែងបន្លំសញ្ញាបត្រ ដើម្បីការពារតម្លៃ និងគុណភាពនៃការអប់រំរបស់វិទ្យាស្ថាន។

អត្ថបទស្រដៀងៗគ្នា

ឆ្នាំ2026 © រក្សាសិទ្ធគ្រប់យ៉ាងដោយ អប្សរាមេឌាសឺវីស / Apsara Media Services (AMS)